(ប៊ែកឡាំង)៖ ប៉ូលិសអាល្លឺម៉ង់ បានបាញ់សម្លាប់ខ្មាន់កាំភ្លើងម្នាក់ ដែលជាជនជាតិអូទ្រីសអាយុ ១៨ឆ្នាំ ក្នុងការបាញ់ប្រហារមួយនៅជិតស្ថានកុងស៊ុលអ៊ីស្រាអែលក្នុងទីក្រុង Munich កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃគម្រប់ខួប នៃការវាយប្រហារភេរវកម្មលើអត្តពលិកអ៊ីស្រាអែលនៅអូឡាំពិកទីក្រុង Munich ឆ្នាំ ១៩៧២ ដែលធ្វើឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពនៃទីតាំងអ៊ីស្រាអែលនៅក្នុងប្រទេសអឺរ៉ុបមួយនេះ។
ខ្មាន់កាំភ្លើងរូបនេះ ត្រូវបានគេរាយការណ៍ថាជាអ្នកកាន់សាសនាអ៊ីស្លាម ប៉ុន្តែប៉ូលិសមិនទាន់បានបញ្ជាក់ព័ត៌មាននេះនៅឡើយទេ។ បុរសនេះបានបើកការបាញ់ប្រហារ មុនពេលត្រូវប៉ូលិសបាញ់សម្លាប់វិញ។ មិនមានអ្នកណាម្នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍នេះទេ។
គួរបញ្ជាក់ថា ការបាញ់ប្រហារនេះបានកើតឡើងក្នុងបរិបទ នៃភាពតានតឹងនយោបាយកាន់តែខ្លាំងឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីជ័យជម្នះថ្មីៗនេះរបស់គណបក្សស្តាំនិយមជ្រុល និងការព្រួយបារម្ភអំពីឧក្រិដ្ឋកម្មហិង្សាក្នុងប្រទេស៕