(ហុងកុង)៖ ខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយឥទ្ធិពលព្យុះ Super Typhoon Yagi បានវាយប្រហារលើភាគខាងត្បូងប្រទេសចិន នៅថ្ងៃសុក្រ ទី៦ ខែកញ្ញានេះ ខណៈការបិទសាលារៀនចូលដល់ថ្ងៃទី២ រីឯជើងហោះហើរជាច្រើនត្រូវបានលុបចោល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ជាមួយកម្លាំងខ្យល់បក់ ២៤៥គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះ Super Typhoon Yagi ត្រូវបានចាត់ទុកថាជាព្យុះមានឥទ្ធិពលខ្លាំងលំដាប់ទី២ មកទល់នឹងពេលនេះក្នុងឆ្នាំ២០២៤ បន្ទាប់ពីព្យុះ hurricane Beryl។ Yagi ដែលទើបតែវាយប្រហារលើហ្វីលីពីនកាលពីសប្ដាហ៍មុនផងនោះ ត្រូវបានរំពឹងថានឹងបក់បោកដល់ដីគោកនៅតាមបណ្ដោយឆ្នេររបស់ចិន ចាប់ពីតំបន់ Wenchang នៅលើកោះ Hainan រហូតដល់តំបន់ Leizhou នៃខេត្ត Guangdong នៅរសៀលថ្ងៃសុក្រនេះ។

គួរបញ្ជាក់ថា អាជ្ញាធរចិន កាលពីថ្ងៃព្រហស្បតិ៍ បានដំឡើងការប្រកាសអាសន្នពីហានិភ័យគ្រោះទឹកជំនន់ នៅកោះHainan និងខេត្ត Guangdong ដល់កម្រិតទី៣ ស្របពេល អាជ្ញាធរគ្រប់គ្រងមហន្តរាយចិនបាននិយាយថាព្យុះ Yagi នឹងក្លាយជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុត ដែលនឹងវាយប្រហារឆ្នេរភាគខាងត្បូងប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៤ មក ដែលនឹងបង្កជាគ្រោះទឹកជំនន់ និងបង្កការលំបាកដល់កិច្ចប្រឹងប្រែងរបស់អាជ្ញាធរ៕