(ប៉ារីស)៖ លោក Michel Barnier ដែលទើបត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីនៃប្រទេសបារាំង សន្យាថានឹងធ្វើការដោយការគោរព និងរួបរួមគ្នា បន្ទាប់ពីមានភាពចលាចលផ្នែកនយោបាយ អស់រយៈពេលជាច្រើនខែ នៅក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ ២០២៤។

លោក Barnier អាយុ ៧៣ឆ្នាំ គឺជានាយករដ្ឋមន្ត្រីដែលមានវ័យចំណាស់ជាងគេ ក្នុងប្រវត្តិសាស្ត្រនយោបាយទំនើបរបស់បារាំង។ លោកត្រូវបានគេស្គាល់ថា ជាអ្នកគាំទ្រសហភាពអឺរ៉ុបយ៉ាងមុតមាំ និងជាអ្នកនយោបាយដែលមានបទពិសោធន៍យូរអង្វែង ជាពិសេសលើការដឹកនាំកិច្ចចរចា Brexit របស់សហភាពអឺរ៉ុបជាមួយចក្រភពអង់គ្លេស។ ថ្លែងសុន្ទរកថាលើកដំបូង នៅខាងមុខការិយាល័យនាយករដ្ឋមន្រ្តី Matignon លោក Barnier គូសបញ្ជាក់ថា «បារាំង.... ថ្ងៃនេះត្រូវការ និងគួរបង្ហាញពីតម្រូវការរបស់ខ្លួន សម្រាប់ការគោរព ការរួបរួម និងដោះស្រាយគ្នា»

គួរបញ្ជាក់ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសម្រេចតែងតាំងអតីតអ្នកចរចា Brexit រូបនេះ ទំនងជាចង់ប្រគល់ភារកិច្ចឱ្យលោកបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយ ដែលកើតមានឡើងបន្ទាប់ពីការបោះឆ្នោតសភា មុនកាលកំណត់៕