(សេអ៊ូល)៖ នាថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីព្យាយាមពង្រឹងចំណងទាក់ទងទ្វេភាគី ដែលត្រូវបានស្តារឡើងវិញ រវាងប្រទេសជិតខាងទាំងពីរ មុនពេលលោកត្រូវចាកចេញពីតំណែងក្នុងខែនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤។
ក្រោមការជំរុញពីសំណាក់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន លោក Kishida និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល ទទួលបានភាពប្រសើរឡើងវិញ ក្រោយបានធ្លាក់ចុះដល់កម្រិតដ៏ទាបបំផុតមួយ ដោយសារតែបញ្ហាវិវាទផ្សេងៗ បន្សល់ទុកពីសម័យអាណានិគមរបស់ជប៉ុន លើឧបទ្វីបកូរ៉េ កាលពីចន្លោះឆ្នាំ១៩១០-១៩៤៥។ លោក Kishida និងលោក Yoon នឹងបើកកិច្ចប្រជុំកំពូលជាមួយគ្នា នារសៀលថ្ងៃសុក្រនេះ ហើយលោកនាយករដ្ឋមន្រ្តីជប៉ុន ត្រូវបានរំពឹងថា នឹងវិលត្រឡប់ទៅកាន់ទីក្រុងតូក្យូវិញ នៅថ្ងៃសៅរ៍។
គួរបញ្ជាក់ថា កាលពីខែមុន លោក Kishida បានប្រកាសថា លោកនឹងចុះចេញពីតំណែង ក្នុងខែកញ្ញានេះ ហើយបក្សកាន់អំណាចជប៉ុន នឹងរៀបចំការបោះឆ្នោតជ្រើសរើស អ្នកជំនួសតំណែងលោក នាថ្ងៃទី២៧ ខែកញ្ញា។ មិនត្រឹមតែជប៉ុននោះទេ នាខែវិច្ឆិកាខាងមុខ សហរដ្ឋអាមេរិកក៏នឹងត្រូវផ្លាស់ប្តូរមេដឹកនាំថ្មីផងដែរ បន្ទាប់ពីលោក បៃដិន បានសម្រេចចិត្តមិនបន្តឈរឈ្មោះសម្រាប់អាណត្តិទី២៕