(ណៃពិដោ)៖ អ្នកនាំពាក្យនៃក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយ នៅឯប្រទេសមីយ៉ាន់ម៉ា បានអះអាងនៅថ្ងៃសុក្រនេះថា ការវាយប្រហារ​តាមផ្លូវអាកាសរបស់រដ្ឋាភិបាលយោធា នៅរដ្ឋ Shan ភាគខាងជើងប្រទេស បានផ្តាច់ជីវិតប្រជាជនស៉ីវិលចំនួន១១នាក់ និងបង្កឱ្យរបួស​១១នាក់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រុមប្រដាប់អាវុធ Ta'ang National Liberation Army ហៅកាត់ TNLA បាននិយាយថា កងកម្លាំងយោធា បានបើក​ការវាយប្រហារតាមផ្លូវអាកាស លើតំបន់ចំនួន២ នៅក្រុង Namkham កាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រនេះ ហើយបាន​សម្លាប់ជនស៉ីវិល១១នាក់ និងបណ្តាលឱ្យ១១នាក់ផ្សេងទៀតរងរបួស។

គួរបញ្ជាក់ថា ប្រទេសអាស៊ាន ដែលមានប្រជាជន៥៥លាននាក់មួយនេះ បានធ្លាក់ទៅក្នុងភាពចលាចល ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ នៅពេលដែលយោធាធ្វើរដ្ឋប្រហារទម្លាក់ រដ្ឋាភិបាលរបស់លោកស្រី អោងសាន ស៊ូជី។ រដ្ឋប្រហារយោធានោះ បាននាំឱ្យផ្ទុះបាតុកម្មទូទាំងប្រទេស ហើយយោធាបានឆ្លើយតបដោយ ធ្វើការបង្រ្កាបយ៉ាងសាហាវ រហូត​ប្រែក្លាយចលនាបាតុកម្ម ទៅជាចលនាប្រឆាំងប្រដាប់អាវុធ។ សព្វថ្ងៃ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបាត់បង់ការគ្រប់គ្រង​លើទឹកដីមួយភាគធំ ចំពោះមុខការប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាម៕