(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី ៤ ខែកញ្ញា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបសំណេះសំណាលជាមួយលោកស្រី Marie ភរិយារបស់លោកប្រធានាធិបតីសេណេហ្កាល់នៅទីក្រុងប៉េកាំង។

លោកស្រី Peng Liyuan បានសម្តែងការស្វាគមន៍ ចំពោះលោកស្រី Marie ដែលអមដំណើរលោកប្រធានាធិបតី Faye អញ្ជើញដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូល នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូងនៅប្រទេសចិន។

លោកស្រី Peng Liyuan បានថ្លែងថា ប្រទេសចិននិងសេណេហ្កាល់មានភាពស្រដៀងគ្នាជាច្រើន នៅក្នុងវិស័យវប្បធម៌និងប្រពៃណី និងវិស័យផ្សេងទៀត សង្ឃឹមថា ប្រជាជននៃប្រទេសយើងទាំងពីរនឹងបន្តបង្កើនការយល់ដឹងពីគ្នា និងរឹតចំណងមិត្តភាពតាមរយៈការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន។ លើសពីនេះ លោកស្រី Peng Liyuan ក៏បានបង្ហាញពីឆន្ទៈក្នុងការចែករំលែកបទពិសោធខាងការអប់រំ និងសុខាភិបាលរបស់ស្ត្រី ជាមួយលោកស្រី Marie ដើម្បីជំរុញការអភិវឌ្ឍបុព្វហេតុស្ត្រីរបស់ប្រទេសចិននិងអាហ្វ្រិក។

ជាការឆ្លើយតប លោកស្រី Marie បានវាយតម្លៃខ្ពស់ចំពោះលោកស្រី Peng Liyuan ដែលបានយកចិត្តទុកដាក់ ចំពោះបុព្វហេតុរបស់ស្ត្រីនិងកុមារ នៅក្នុងប្រទេសអាហ្រ្វិក ក្នុងរយៈពេលជាយូរកន្លងមក ក៏ដូចជាការគាំទ្រនិងជំនួយ របស់ប្រទេសចិន ក្នុងការបង្កើនសុខុមាលភាពរបស់ប្រជាជនសេណេហ្កាល់។

លោកស្រីបានបង្ហាញពីឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីជំរុញឱ្យបុព្វហេតុមិត្តភាព រវាងសេណេហ្កាល់និងចិនវិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់៕

វិទ្យុមិត្តភាពកម្ពុជាចិន