(ប៉េកាំង)៖ នាព្រឹកថ្ងៃទី ៥ ខែកញ្ញា សន្និសីទស្តីពីការអប់រំស្ត្រីចិន-អាហ្វ្រិក បានប្រារព្ធធ្វើឡើងនៅសណ្ឋាគាររដ្ឋ Diaoyutai ទីក្រុងប៉េកាំង ក្រោមប្រធានបទ “ចិននិងអាហ្រ្វិកធ្វើប្រតិបត្តិការរួម ដើម្បីពង្រឹងសមត្ថភាពរបស់ស្ត្រីតាមរយៈការអប់រំ" ។

លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាបេសកជនពិសេសរបស់អង្គការយូណេស្កូ សម្រាប់ជំរុញការអប់រំកុមារីនិងស្ត្រី បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា។ ភរិយាឬតំណាងរបស់មេដឹកនាំនៃប្រទេសអាហ្រ្វិកចំនួន ២៦ រូប ដែលចូលរួមកិច្ចប្រជុំកំពូលក្រុងប៉េកាំងឆ្នាំ ២០២៤ នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំនេះ។

ថ្លែងនៅក្នុងសន្និសីទ លោក Peng Liyuan បានលើកឡើងថា ប្រទេសចិន និងអាហ្រ្វិកមានគោលដៅដូចគ្នា ហើយភាគីទាំងពីរ គួរតែបន្តផ្សព្វផ្សាយស្មារតីនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិន និងអាហ្រ្វិក រួមគ្នាជំរុញឱ្យការអប់រំកុមារី និងស្ត្រីវិវឌ្ឍទៅតាមទិសដៅ ដែលប្រកបដោយភាពយុត្តធម៌ បរិយាបន្ន និងគុណភាពខ្ពស់ ក្នុងន័យរួមគ្នាកសាងនិងចែករំលែក ពិភពលោកដែលកាន់តែល្អបវរ។

តំណាងនៃប្រទេសនានាបានសម្តែងការកោតសរសើរ ចំពោះប្រទេសចិនដែលតែងតែផ្តល់ការគាំទ្រ និងជំនួយដល់ប្រទេសអាហ្វ្រិកលើ វិស័យពាក់ព័ន្ធនានាក្នុងរយៈពេលជាយូរកន្លងមក ព្រមទាំងបានបង្ហាញពីឆន្ទៈក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ដើម្បីជួយឱ្យស្ត្រីកាន់តែច្រើនមានជីវភាពប្រកបដោយសុភមង្គល៕

វិទ្យុមិត្តភាពកម្ពុជាចិន