(ហ្សឺណែវ)៖ បេសកកម្មទទួលបន្ទុកកិច្ចការរបស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងនៅថ្ងៃសុក្រ ទី៦ ខែកញ្ញានេះថា ភាគីជម្លោះនៅក្នុងសង្រ្គាមស៊ូដង់ បានប្រព្រឹត្តការរំលោភបំពានទ្រង់ទ្រាយធំ ដែលអាចឈានដល់ឧក្រិដ្ឋកម្មសង្គ្រាម ឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហេតុនេះគួរតែមានការហាមឃាត់អាវុធ និងដាក់កងកម្លាំងរក្សាសន្តិភាពនៅទីនោះ ដើម្បីការពារជនស៉ីវិល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

របាយការណ៍ ១៩ទំព័រនៃបេសកកម្មស្វែងរកការពិតរបស់ UN ដោយផ្អែកលើការសម្ភាសអ្នកនៅរស់រានមានជីវិត ១៨២នាក់ សមាជិកគ្រួសាររបស់ពួកគេ រួមទាំងសាក្សី បង្ហាញថា កងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF) គឺជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារលើជនស៉ីវិល ហើយបានប្រើទារុណកម្ម និងអនុវត្តការចាប់ខ្លួនតាមអំពើចិត្ត។ ប្រធាននៃបេសកកម្ម លោក Mohamed Chande Othman បញ្ជាក់ថា «អ្វីដែលបានរក​ឃើញ​​ សបញ្ជាក់ពីតម្រូវការ​សកម្មភាព​បន្ទាន់ដើម្បីការពារ​ជន​ស៉ីវិល និងការដាក់កងកម្លាំង​ឯករាជ្យមិន​លម្អៀង​ ​ដោយ​មិន​បង្អង់​យូរទៀត»

គួរបញ្ជាក់ថា ជនស៉ីវិល នៅក្នុងប្រទេសស៊ូដង់ កំពុងប្រឈមមុខនឹងគ្រោះទុរ្ភិក្សកាន់តែអាក្រក់ ការផ្លាស់ទីលំនៅ និងជំងឺជាច្រើន បន្ទាប់ពីសង្គ្រាមរយៈពេល ១៧ខែរវាងកងទ័ព និងទាហានប៉ារ៉ា RSF។ កន្លងមក ក្រុមអ្នកសម្រុះសម្រួល ដឹកនាំដោយសហរដ្ឋអាមេរិក បានស្វែងរកការធានាពីភាគីទាំងពីរ សម្រាប់ជំនួបពិភាក្សានៅប្រទេសស្វីស ដើម្បីកែលម្អលទ្ធភាពទទួលបានជំនួយមនុស្សធម៌ ប៉ុន្តែអវត្តមានកងទ័ពស៊ូដង់ បានរារាំងដល់វឌ្ឍនភាពនៃកិច្ចពិភាក្សា៕