(បារាំង)៖ យោងតាមការចេញផ្សាយដោយ WIRED Middle East បានផ្សាយនាពេលថ្មីៗនេះថា ក្រោយពីលោក Pavel Durov ស្ថាបនិក និង CEO របស់ក្រុមហ៊ុន Telegram ត្រូវបានចាប់ខ្លួននៅប្រទេសបារាំង កម្មវិធីសារ Telegram អាចជួបបញ្ហាប្រឈមធំៗមួយចំនួនដូចខាងក្រោម៖
១៖ បញ្ហាការគ្រប់គ្រងការងារប្រចាំថ្ងៃ៖
ការចាប់ខ្លួនលោក Pavel Durov អាចបង្កើតភាពខ្វះចន្លោះនៃភាពជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុន Telegram។ ពីព្រោះលោក Durov បានចូលរួមយ៉ាងស៊ីជម្រៅក្នុងការគ្រប់គ្រងការងារប្រចាំថ្ងៃ និងដំណើរការធ្វើការសម្រេចចិត្តផ្សេងៗ។ បើគ្មានការណែនាំរបស់លោក Durov ទេ Telegram អាចប្រឈមមុខនឹងការលំបាកខ្លាំងក្នុងប្រតិបត្តិការ ជាពិសេសក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងផែនការយុទ្ធសាស្រ្ត។
២៖ រដ្ឋាភិបាលប្រទេសផ្សេងៗតាមដាន និងដាក់សម្ពាធផ្នែកច្បាប់
កម្មវិធីផ្ញើសារ Telegram តែងតែមានជម្លោះជាមួយរដ្ឋាភិបាលផ្សេងៗ ជុំវិញករណីឧក្រិដ្ឋកម្ម។ ការចាប់ខ្លួនលោក Durov អាចជំរុញឱ្យរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការគ្រប់គ្រង ឬហាមឃាត់ការប្រើប្រាស់ Telegram នេះតែម្តង ជាពិសេសនៅក្នុងប្រទេសដែលវាស្ថិតនៅក្រោមការត្រួតពិនិត្យរួចហើយ។
៣៖ បាត់បង់ទំនុកចិត្តពីអ្នកប្រើប្រាស់ Telegram
ជាប្រវត្តិសាស្ត្រ ក្រុមហ៊ុនបច្ចេកវិទ្យា ដែលស្ថាបនិកប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ ជារឿយៗជួបប្រទះនឹងអស្ថិរភាពក្នុងរយៈពេលខ្លី ប៉ុន្តែអាចងើបឡើងវិញបានប្រសិនបើមានក្រុមគ្រប់គ្រងរឹងមាំ។ តែទោះជាយ៉ាងណា បើស្ថាបនិកមានឥទ្ធិពលខ្លាំងក្នុងក្រុមហ៊ុន ដូចករណីរបស់លោក Durov នោះ ក្រុមហ៊ុននេះអាចប្រឈមមុខនឹងបញ្ហារ៉ាំរ៉ៃរយៈពេលវែង។
គួរបញ្ជាក់ថា លោក Pavel Durov ត្រូវបានប៉ូលិសបារាំងចាប់ឃាត់ខ្លួននៅឯអាកាសយានដ្ឋាន ឡឺបួរហ្សេ (Le Bourget) ស្ថិតនៅខាងក្រៅទីក្រុងប៉ារីស កាលពី ថ្ងៃសៅរ៍ សប្ដាហ៍មុនមក បន្ទាប់ពីរូបលោកធ្វើដំណើរតាមយន្ដហោះឯកជនចាកចេញពីរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់ ឆ្ពោះទៅកាន់ទីក្រុងប៉ារីស។
ស្ថាបនិកកម្មវិធីផ្ញើសារ Telegram លោក Pavel Durov ត្រូវបានឃាត់ខ្លួន នៅក្រោមក្របខណ្ឌនៃការស៊ើបអង្កេតលើបទល្មើសព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងរូបភាពអាសអាភាសរបស់កុមារ ការជួញដូរគ្រឿងញៀន និងការឆបោកនៅលើបណ្ដាញ ទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាពមួយនេះ។
បើតាមក្រុមរដ្ឋអាជា្ញបារាំង ការចាប់ខ្លួនលោក Pavel Durov ធ្វើឡើងជាផ្នែកមួយនៃការស៊ើបអង្កេតលើមនុស្សម្នាក់ មិនត្រូវបានបញ្ជាក់អត្តសញ្ញាណ ដែលធ្វើឡើងដោយ ការិយាល័យប្រឆាំងបទល្មើសសាយប័រ (cybercrime) កាលពីថ្ងៃទី៨ ខែកក្កដា។
ការស៊ើបអង្កេតនេះដែរផ្ដោតលើការសមគំនិត ក្នុងបទល្មើសព្រហ្មទណ្ឌជាច្រើន រួមមាន ការប្រើប្រាស់ Telegram ជាកន្លែងឆបោក បង្ហោះរូបភាពអាសអាភាសរបស់កុមារ ជួញដូរគ្រឿងញៀន និងក្លែងបន្លំ ព្រមទាំងការបដិសេធកិច្ចសហការផ្ដល់ព័ត៌មានដល់អាជ្ញាធរ ការលាងលុយកខ្វក់ និងការផ្ដល់សេវា crypto សម្រាប់ពួកឧក្រិដ្ឋជន។
កាលពីថ្ងៃពុធ ទី២៨ ខែសីហាកន្លងទៅ បានសម្រេចដាក់ឱ្យ ស្ថាបនិក និងជា CEO ក្រុមហ៊ុន Telegram លោក Pavel Durov ស្ថិតនៅក្រោម ការស៊ើបអង្កេតជាផ្លូវការ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋជាច្រើនដែលត្រូវបានប្រព្រឹត្ត នៅលើកម្មវិធីផ្ញើសារដ៏មានប្រជាប្រិយភាពមួយនេះ ប៉ុន្តែបានអនុញ្ញាតឱ្យមហាសេដ្ឋីមានដើមកំណើតរុស្ស៉ីរូបនេះអាចស្ថិតនៅក្រៅឃុំ ជាមួយការតម្កល់ប្រាក់ ៥លានអឺរ៉ូ ឬ៥.៥៦លានដុល្លារ៕