(កៀវ)៖ រដ្ឋមន្ត្រីការពារជាតិកាណាដា លោក Bill Blair បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសកាណាដាគ្រោងផ្គត់ផ្គង់រ៉ុក្កែតធុនតូចគ្មានក្បាលសម្រាប់បាញ់ពីលើអាកាសចំនួនជាង ៨ម៉ឺនគ្រាប់ និងក្បាលគ្រាប់ចំនួន ១,៣០០ គ្រាប់ទៅឱ្យអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាណាដាបានប្រកាសកាលពីខែមិថុនាថា ខ្លួននឹងផ្គត់ផ្គង់រ៉ុក្កែត CRV7 ចំនួន ២,១៦០គ្រាប់ដល់អ៊ុយក្រែន។ រ៉ុក្កែតប្រភេទនេះអាចបំពាក់ជាមួយក្បាលគ្រាប់ជាច្រើនប្រភេទ ដើម្បីវាយប្រហារគោលដៅផ្សេងៗគ្នា ដូចជាអគារ រថក្រោះ ឬទាហានជាដើម។

លោក Blair ក៏បានបន្ថែមថា កាណាដានឹងបរិច្ចាគគ្រឿងដំឡើងតួពីរថពាសដែក M113 ចំនួន ២៩គ្រឿង និងរថពាសដែក Coyote ចំនួន ៦៤គ្រឿង ដែលកងកម្លាំងប្រដាប់អាវុធកាណាដាលែងប្រើប្រាស់ហើយ ទៅឲ្យអ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ កាណាដាបានសន្យាផ្តល់ជំនួយយោធាដល់អ៊ុយក្រែនសរុបជាទឹកប្រាក់ប្រមាណ ៤.៥ពាន់លានដុល្លារកាណាដា ឬស្មើនឹង ៣.៣ពាន់លានដុល្លារអាមេរិក៕