(ម៉ូស្គូ)៖ វិមានក្រឹមឡាំងនៅថ្ងៃសុក្រនេះ បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទដាក់សម្ពាធមិនអាចទទួលយកបានលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់អ្នកវិភាគទូរទស្សន៍រុស្ស៉ី លោក Dimitri Simes និងភរិយារបស់គាត់ពីបទរំលោភទណ្ឌកម្មរបស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់បុគ្គលិកពីរនាក់នៃបណ្តាញ RT ដែលគាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី និងបានដាក់ទណ្ឌកម្មលើ RT និងនិពន្ធនាយកបណ្តាញមួយនេះ ដោយចោទប្រកាន់ពីបទជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤។
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងព្យាយាមរារាំងពិភពលោកមិនឲ្យឮទស្សនៈរបស់រុស្ស៊ី។ លោកថ្លែងថា អាមេរិកមិនចង់ឲ្យមានជម្រើសក្នុងការទទួលព័ត៌មានពីទស្សនៈរបស់រុស្ស៊ីឡើយ ហើយថានេះគឺជាសម្ពាធដែលរុស្ស៊ីមិនអាចទទួលយកបាន។
ទីក្រុងម៉ូស្គូក៏បានព្រមានថា នឹងចាត់វិធានការសងសឹកប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយអាមេរិក ជាការឆ្លើយតបទៅនឹងសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹង RT។
ទោះបីជាមានភាពតានតឹងក៏ដោយ រុស្ស៊ីនៅតែអនុញ្ញាតឱ្យអ្នកសារព័ត៌មានលោកខាងលិចបន្តការងារនៅក្នុងប្រទេស ទោះបីជាចំនួនអ្នកកាសែតបានថយចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង និងការចាប់ខ្លួនអ្នកសារព័ត៌មាន Evan Gershkovich កាលពីដើមឆ្នាំនេះក៏ដោយ៕