(វ៉ាស៊ីនតោន)៖ របាយការណ៍ស្ទង់មតិឆ្នាំ២០២៤ ចេញផ្សាយដោយវិទ្យាស្ថាន ISEAS–Yusof Ishak មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី បានបង្ហាញថានៅអំឡុងស្ថានការណ៍ជម្លោះមួយ នៅតៃវ៉ាន់ បណ្ដាមេដឹកនាំអាស៊ាននឹងជ្រើសរើសយកការប្រើប្រាស់មធ្យោបាយការទូត ដើម្បីប្រឆាំងនឹងការប្រើប្រាស់កម្លាំងបាយ ហើយទើបប្រកាន់យកជំហរអព្យាក្រឹតតាមក្រោយ។ ជាទូទៅ នៅពេលគេនិយាយដល់ការរួបរួមគ្នារបស់អាស៊ាន ប្លុកមួយនេះអាចដើរតួនាទីមួយចំនួននៅក្នុងកិច្ចចរចាបញ្ចៀសស្ថានការណ៍វិបត្តិនៅតៃវ៉ាន់ មុនពេលដែលវារាលដាលទៅជាជម្លោះប្រដាប់អាវុធ។ ក៏ប៉ុន្តែ ប្រសិនបើសង្រ្គាមនៅតៃវ៉ាន់ផ្ទុះឡើងនៅថ្ងៃណាមួយពិតមែន អាស៊ានអាចប្រឈមមុខនឹងការបាក់បែកដូចគ្នា ដោយសារតែប្រទេសមួយៗត្រូវគិតពីផលប្រយោជន៍ជាតិរៀងៗខ្លួន ហើយមានអាទិភាព និងទស្សនៈយល់ឃើញខុសៗគ្នា។
នៅត្រង់នេះ ចំណុចសំខាន់ គឺស្ថិតនៅត្រង់ថាតើទីក្រុងប៉េកាំងមានសមត្ថភាពអាចទាញយកផលពីជំហរអព្យាក្រឹតរបស់អាស៊ានបានដល់កម្រិតណា? ប្រសិនបើប៉េកាំងអាចបញ្ចុះបញ្ចូលបណ្ដាប្រទេសអាស៊ានឱ្យយល់ថាខ្លួនត្រូវបានបង្ខំឱ្យចាត់វិធានការយោធា និងមិនមានចេតនាពង្រីកសង្រ្គាមទៅកាន់បណ្ដាប្រទេសជាសមាជិកអាស៊ានមួយចំនួនដែលជាភាគីជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូងទេ នោះចិនអាចនឹងធានាបានឱ្យនូវអព្យាក្រឹតភាពរបស់អាស៊ាន តែលើកលែងហ្វីលីពីនមួយចេញ។ តមកទៀត ចិនអាចនឹងចេញសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ថាខ្លួនគោរពគោលការណ៍អព្យាក្រឹតរបស់អាស៊ាន ហើយសង្ឃឹមថាក៏នឹងទទួលបានការគោរពដូចគ្នាពីអាស៊ានមកវិញដែរ ពាក់ព័ន្ធនឹងជំហររបស់ចិនចំពោះសំណុំរឿងតៃវ៉ាន់។
នៅក្នុងករណីសង្រ្គាមនៅតៃវ៉ាន់ផ្ទុះឡើង ប្រទេសជាសម្ព័ន្ធមិត្ត និងជាដៃគូរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីនឹងត្រូវធ្វើការសម្រេចចិត្តដ៏លំបាក។ ជាឧទាហរណ៍៖ អត្រាដែលហ្វីលីពីន អាចនឹងជ្រើសរើសលូកដៃចូលរួមក្នុងជម្លោះ គឺមានភាគរយខ្ពស់ជាងប្រទេសជាសមាជិកអាស៊ានដទៃ។ នោះក៏ព្រោះតែទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក គួបផ្សំទីតាំងភូមិសាស្ត្រ និងទំនាក់ទំនងមិនសូវល្អជាមួយចិន។ កាន់តែសំខាន់ នោះគឺវត្តមានមូលដ្ឋានទ័ពហ្វីលីពីនដែលសហរដ្ឋអាមេរិកអាចនឹងចូលប្រើក្នុងករណីសង្រ្គាមតៃវ៉ាន់ផ្ទុះឡើង។ ម្យ៉ាងវិញទៀត ការងាកខ្លាំងពេករបស់ហ្វីលីពីនទៅរកសហរដ្ឋអាមេរិក អាចនឹងធ្វើឱ្យអាស៊ានមានការលំបាកក្នុងការសម្រេចចិត្តកុងសង់ស៊ីសថាតើត្រូវឆ្លើយតបរួមគ្នាបែបណាចំពោះស្ថានការណ៍ជម្លោះណាមួយនៅតៃវ៉ាន់? នេះជាបញ្ហាស្មុគស្មាញមួយដែលអាចធ្វើឱ្យអាស៊ានបែកបាក់គ្នា។ ប្រសិនបើហ្វីលីពីនរងការវាយប្រហារដោយផ្ទាល់ពីចិន ក្នុងករណីអនុញ្ញាតឱ្យកងទ័ពអាមេរិកចូលប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន ដើម្បីការពារតៃវ៉ាន់ ថាតើប្រទេសអាស៊ានផ្សេងទៀតអាចនឹងបង្ហាញសាមគ្គីភាពឈរនៅខាងហ្វីលីពីន ដែរឬក៏យ៉ាងណា?
បើតាមក្រុមអ្នកជំនាញ បណ្ដាប្រទេសអាស៊ានភាគច្រើន អាចនឹងជ្រើសរើសយកការរក្សាគោលការណ៍អព្យាក្រឹត ហើយបើទោះជាពួកគេចេញសេចក្ដីថ្លែងការណ៍លួងលោមហ្វីលីពីនក៏ដោយ ក៏ពួកគេប្រហែលជានឹងមិនជួយហ្វីលីពីនច្រើនអ្វីនោះដែរ។ មិនតែប៉ុណ្ណោះ ប្រទេសអាស៊ានខ្លះថែមទាំងអាចបន្ទោសហ្វីលីពីនថាអ្នកអូសអាស៊ានទាំងមូលឱ្យធ្លាក់ចូលក្នុងស្ថានការណ៍គ្រោះថ្នាក់ ទៀតផង។ បើរឿងបែបនេះកើតឡើងពិតមែន ច្បាស់ណាស់ប្រជាជនហ្វីលីពីននឹងយល់ថាខ្លួនរងអយុត្តិធម៌ ដ្បិតសូម្បីតែជាប្រទេសជាសមាជិកអាស៊ានដូចគ្នា បែរជាមិនឈរនៅខាងខ្លួនទៅវិញ នៅពេលពួកគេរងការវាយប្រហារ។ រឿងបែបនេះអាចនឹងកាន់តែលើកទឹកចិត្តឱ្យហ្វីលីពីនងាកទៅពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសដទៃទៀតដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ ចំណែក អាស៊ានក៏លែងអាចបញ្ចេញសំឡេងតែមួយបានតទៅទៀតដែរ ក្នុងសេណារីយ៉ូបែបនេះ។
ដោយឡែក ក្រៅតែហ្វីលីពីន ថៃក៏ជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដែរ ប៉ុន្តែអត្រាដែលថៃនឹងចូលជួយសហរដ្ឋអាមេរិកពេញទំហឹងក្នុងជម្លោះនៅតៃវ៉ាន់ គឺមិនស្ថិតក្នុងកម្រិតខ្ពស់ទេ ដោយសារតែការយល់ឃើញថាចិនជាការគំរាមកំហែងមានកម្រិតទាបនៅក្នុងប្រទេសថៃ។ សិង្ហបុរីវិញជាប្រទេសមួយផ្សេងទៀតដែលអាចនឹងត្រូវធ្វើការសម្រេចចិត្តដ៏លំបាក ក្រោមហេតុផលមានទំនាក់ទំនងសន្តិសុខរឹងមាំជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែ បើចិនមិនវាយប្រហារលើសិង្ហបុរីមុនទេ នោះលទ្ធភាពដែលសិង្ហបុរីប្រកាន់យកជំហរអព្យាក្រឹតនឹងស្ថិតនៅក្នុងអត្រាខ្ពស់។ ម្យ៉ាង សូម្បីតែសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អាមេរិកក្នុងតំបន់អាស៊ី គឺកូរ៉េខាងត្បូងស្ថិតក្រោមការដឹកនាំនៃរដ្ឋាភិបាលអភិរក្សនិយមសព្វថ្ងៃរបស់លោកប្រធានាធិបតី យូន សុកយុល ដែលគាំទ្រយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ក៏ធ្លាប់បាននិយាយជាសាធារណៈដែរថា ទីក្រុងសេអ៊ូល នឹងមិនលូកដៃក្នុងជម្លោះណាមួយនៅតៃវ៉ាន់នោះទេ ហើយថាបើជម្លោះនៅតៃវ៉ាន់ផ្ទុះឡើង នោះរឿងដំបូងគេដែលសេអ៊ូលត្រូវផ្តោត គឺបង្វែរការយកចិត្តទុកដាក់ទៅលើកូរ៉េខាងជើង ក្រែងលលោក គីម ជុងអ៊ុន ឆ្លៀតឱកាសបង្ករឿង។
ដូច្នេះ ប្រទេសផ្សេងទៀតក្នុងតំបន់អាចនឹងលូកដៃជួយអាមេរិក លុះត្រាតែពួកគេរងការវាយប្រហារដោយផ្ទាល់ពីចិនតែប៉ុណ្ណោះ។ ចំណែក ប្រទេសអាស៊ានមានទំនាក់ទំនងល្អជាមួយចិន ដូចជាកម្ពុជា មីយ៉ាន់ម៉ា និងឡាវ អាចនឹងចេញមុខគាំទ្រចិន ខណ:បន្តប្រកាន់យកគោលការណ៍អព្យាក្រឹត៕