(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិក និងអឺរ៉ុប បាននិយាយថាអ៉ីរ៉ង់បានបញ្ជូនមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី ទៅឱ្យរុស្ស៉ី យកទៅប្រើប្រាស់នៅក្នុងសង្រ្គាមឈ្លានពានរបស់ខ្លួន នៅអ៊ុយក្រែន បើទោះជាមានការព្រមានពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុប កុំឱ្យតេហេរ៉ង់ធ្វើដូច្នេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយកាសែតអាមេរិក Wall Street Journal។
Wall Street Journal ដែលជាអ្នករាយការណ៍មុនគេពីព័ត៌មានខាងលើ កាលពីថ្ងៃទី៦ ខែកញ្ញា បានរាយការណ៍ថារុស្ស៉ីប្រហែលជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីខែធ្នូ ឆ្នាំ២០២៣ ក្នុងទីក្រុងតេហេរ៉ង់ ជាមួយក្រុមមន្ត្រីអ៉ីរ៉ង់ ដើម្បីទិញមីស៊ីលបាលិស្ទីគ Fath-360 និងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីមួយចំនួនទៀត ផលិតដោយក្រុមហ៊ុនរដ្ឋអ៉ីរ៉ង់ Aerospace Industries Organization (AIO) ឬហៅកាត់ថា Ababil។ កាសែតអាមេរិកនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក និងអឺរ៉ុប បានបញ្ជាក់ ដែរថាការផ្ទេរអាវុធនេះអាចមានមីស៊ីលរយៈចម្ងាយខ្លី ២០០គ្រាប់ ដែលអាចបាញ់បានចម្ងាយ ៨០០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា អ៉ីរ៉ង់ត្រូវបានសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចចោទប្រកាន់ថាបានផ្ដល់អាវុធ តួយ៉ាងដូចជាដ្រូនទៅឱ្យរុស្ស៉ី សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមប្រឆាំង អ៊ុយក្រែនដែលអូសបន្លាយពេលជាង ២ឆ្នាំកន្លះមកនេះ។ ប៉ុន្តែ ក្រុមមន្ត្រីអាមេរិក មើលឃើញថាការបញ្ជូនមីស៊ីលបាលិស្ទីគ បង្ហាញពីការចូលរួមកាន់តែជ្រៅរបស់អ៉ីរ៉ង់ក្នុងសង្រ្គាម នៅអ៊ុយក្រែន។
យ៉ាងណាក៏ដោយ បេសកកម្មការទូតរបស់អ៉ីរ៉ង់ប្រចាំ UN កាលពីថ្ងៃសុក្រ ទី៦ ខែកញ្ញា បានអះអាងថាគោលជំហររបស់ទីក្រុងតេហេរ៉ង់ចំពោះសង្រ្គាមអ៊ុយក្រែន មិនប្រែប្រួលនោះទេ ពោលអ៉ីរ៉ង់យល់ឃើញថាការផ្ដល់ជំនួយយោធាទៅដល់ភាគីសង្រ្គាម ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួស បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ រួមទាំងដល់បំផ្លាញកិច្ចចរចាសន្តិភាព គឺជាទង្វើគ្មានមនុស្សធម៌។ កន្លងមក អ៉ីរ៉ង់ក៏ធ្លាប់បានបដិសេធផងដែរថាខ្លួនមិនបានផ្ដល់ជំនួយយោធា ឬដ្រូនទៅឱ្យរុស្ស៉ីឡើយ៕