(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញានេះបាននិយាយថាកូរ៉េខាងជើង បានបង្ហោះបាឡុងផ្ទុកសំរាមចូលក្នុងទឹកដីរបស់ខ្លួន ដែលភាគច្រើនជា ក្រដាស និងថង់បាស្ទិក តែមិនមានផ្ទុកសារធាតុបង្កគ្រោះថ្នាក់ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបង្ហោះបាឡុងជាង ៩០០ ក្នុងរយៈពេល៣ថ្ងៃមកនេះ ក្នុងនោះរួមមានទាំងបាឡុងចំនួន១៩០ កាលពី ថ្ងៃសុក្រម្សិលមិញ ហើយក្នុងនោះបាឡុងភាគច្រើនធ្លាក់នៅក្នុងរដ្ឋធានីសេអ៊ូល និងខេត្ត Gyeonggi។
កូរ៉េខាងជើង បានបង្ហោះបាឡុងផ្ទុកសំរាមជិត ៥០០០ ចូលក្នុងទឹកដីកូរ៉េខាងត្បូង ចាប់តាំងពីខែឧសភាមក ដោយនិយាយថាជាការសងសឹកទៅនឹងបាឡុងឃោសនា ប្រឆាំងរបបដឹកនាំលោក គីម ជុងអ៊ុន ដែលសកម្មជននៅកូរ៉េខាងត្បូងបង្ហោះចូលក្នុងទឹកដីកូរ៉េខាងជើង។ ជាការឆ្លើយតប កូរ៉េខាងត្បូងបានដំណើរការឡើងវិញ នូវឧបករណ៍បំពងសំឡេងរិះគន់កូរ៉េខាងជើង នៅក្បែរតំបន់ព្រំដែន៕