(កៀវ)៖ អ៊ុយក្រែន កំពុងប្រឈមមុខនឹងវិបត្តិប្រជាសាស្រ្ត ខណៈសង្រ្គាមនៅតែបន្ត ដោយគ្មានយុវជនគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការទាំងនៅឯសមរភូមិ និងកម្លាំងពលកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ ២០២៤។
ប្រជាជនអ៊ុយក្រែន ដែលធ្លាក់ចុះលឿនមុនពេលមានសង្រ្គាមរបស់រុស្ស៉ី បានបន្តថយចុះទៀត ដោយសារតែកត្តាចំណាកស្រុក អត្រាកំណើតទាប និងសង្រ្គាមដែលកំពុងឆក់យកជីវិតមនុស្សកាន់តែច្រើន។ មុនពេលនៃសង្រ្គាម ប្រជាជនអ៊ុយក្រែនមានប្រហែល ៤៥លាននាក់ ឥលូវនេះ តាមការប៉ាន់ស្មានបានធ្លាក់ចុះប្រហែល ១០លាននាក់។
អ្នកដែលស្ថិតក្រោមការគំរាមកំហែងធំបំផុត នោះគឺបុរសវ័យក្មេងអាយុក្រោម ៣០ឆ្នាំ។ ពួកគេគឺជាអ្នកដែលកើត អំឡុងពេលដួលរលំសេដ្ឋកិច្ច នៃអតីតសហភាពសូវៀត ហើយសង្រ្គាមដែលកំពុងបន្តអាចកាត់បន្ថយជំនាន់វ័យពួកគេ កាន់តែច្រើនថែមទៀត។ បច្ចុប្បន្ន បុរសអ៊ុយក្រែនតិចជាង ៥លាននាក់មានអាយុក្រោម ៣០ឆ្នាំ ខណៈមុនការការឈ្លានពាន របស់រុស្ស៉ី មានប្រហែល ៦លាននាក់។
អ៊ុយក្រែន ក៏កំពុងខ្វះខាតកម្លាំងពលកម្មធ្ងន់ធ្ងរ ប៉ះពាល់ដល់សេដ្ឋកិច្ចដែលរងការបំផ្លិចបំផ្លាញស្រាប់ ដោយសារតែសង្រ្គាមផងដែរ។ កម្លាំងពលកម្មបានធ្លាក់ចុះ ២៧ភាគរយចាប់តាំងពីមានជាមួយសង្រ្គាមរុស្ស៉ី។ វាបានប៉ះពាល់ដល់វិស័យសេវាកម្ម លក់រាយ និងការដឹកជញ្ជូន។ អ៊ុយក្រែន ឥលូវនេះ អាចត្រូវបានចាត់ទុកថាជាប្រទេសមួយនៃពិភពលោក ដែលប្រជាជនមានវ័យកាន់តែចាស់ ដោយប្រហែល ១ភាគ ៤នៃប្រជាជនមានអាយុលើស ៦០ឆ្នាំ៕