(រីហ្គា)៖ មន្ត្រីឡាតវីបានបញ្ជាក់នៅថ្ងៃចន្ទថា យន្តហោះដ្រូនរបស់យោធារុស្ស៊ី ដែលបានធ្លាក់ក្នុងប្រទេសឡាតវីកាលពីថ្ងៃសៅរ៍ គឺមានផ្ទុកគ្រឿងផ្ទុះ ដែលទំនងជាមានគោលដៅប្រើប្រាស់នៅអ៊ុយក្រែន ប៉ុន្តែវាបានវង្វេងចូលដែនអាកាសឡាតវីដោយចៃដន្យ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។
ប្រទេសរូម៉ានី និងឡាតវី ដែលជាសមាជិកណាតូ និងជាសម្ព័ន្ធមិត្តអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃអាទិត្យថា ពួកគេកំពុងស៊ើបអង្កេតករណីយន្តហោះ (ដ្រូន) គ្មានមនុស្សបើករបស់រុស្ស៊ី ដែលបានធ្លាក់ក្នុងប្រទេសរបស់ពួកគេ បន្ទាប់ពីបានរំលោភលើដែនអាកាស។
ឧត្តមសេនីយ៍ឯក Leonids Kalnins មេបញ្ជាការកងកម្លាំងប្រដាប់អាវុធជាតិនៃប្រទេសឡាតវី បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា យន្តហោះដ្រូនដែលបានធ្លាក់នៅក្នុងប្រទេសឡាតវី គឺប្រភេទ Shahed ដែលត្រូវបានរចនាឡើងដោយអ៊ីរ៉ង់។ លោក Kalnins បានបន្ថែមទៀតថា គ្រឿងផ្ទុះនៅលើយន្តហោះដ្រូននោះ ដែលទំនងជាមានបំណងប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានរំសាយចោលបន្ទាប់ពីការរកឃើញ។
យន្តហោះដ្រូនគ្មានមនុស្សបើកនេះ បានធ្លាក់នៅក្នុងតំបន់ភូមិ Gaigalava ដែលមានចម្ងាយប្រហែល ៩០ គីឡូម៉ែត្រពីព្រំដែនជាមួយប្រទេសបេឡារុស្ស ដែលជាកន្លែងដែលវាបានចូលមក នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិឡាតវីនៅថ្ងៃចន្ទនេះ។
ទោះបីជាមានឧប្បត្តិហេតុនេះក៏ដោយ អគ្គលេខាធិការរងអង្គការណាតូ លោក Mircea Geoana បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា មិនមានការចង្អុលបង្ហាញថា នេះជាការវាយប្រហារដោយចេតនាលើរដ្ឋសមាជិកណាតូណាមួយឡើយ។ យ៉ាងណាក៏ដោយ លោកបានព្រមានថា ឧប្បត្តិហេតុនេះបង្ហាញពីកង្វះការទទួលខុសត្រូវ និងហានិភ័យដែលអាចកើតមាននៅក្នុងតំបន់៕