(ញូវយ៉ក)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស និង​អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបង្ហាញវត្តមានយ៉ាងកម្ររួមគ្នា នៅទីតាំងមួយក្នុងទីក្រុងញូវយ៉ក ដែលជាកន្លែងរំលឹក​ខួបព្រឹត្តិការណ៍ វាយប្រហារភេរវកម្មដោយប្រើប្រាស់យន្តហោះ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានសម្លាប់មនុស្សសរុប​ជិត ៣,០០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤។

លោកស្រី ហារីស ដែលជាបេក្ខជនប្រធានាធិបតី តំណាងគណបក្សប្រជាធិបតេយ្យ និងលោក ត្រាំ ដែលជាគូប្រជែងរបស់លោកស្រី មកពីបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា បានចាប់ដៃរាក់ទាក់ និងនិយាយស្វាគមន៍គ្នា បើទោះបីជាអ្នកទាំងពីរ ទើបបានជជែកដេញដោលគ្នាយ៉ាងតានតឹង ក្នុងកម្មវិធីតស៊ូមតិ កាលពីយប់ថ្ងៃអង្គារក៏ដោយ។ ទីតាំងខាងលើ គឺជាកន្លែងយន្តហោះដឹកអ្នកដំណើរ ដែលស្ថិតក្រោមការបញ្ជារបស់ក្រុមភេរវករ បានហោះបំបុកអគារពាណិជ្ជកម្មភ្លោះ World Trade Center។

ព្រឹត្តិការណ៍រំលឹកខួបខាងលើ តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ភេរវកម្មអត្តឃាត របស់ក្រុមអាល់កៃដា (al-Qaeda) ដែលបានបើកយន្តហោះដឹកអ្នកដំណើរ ២គ្រឿង បំបុកអគារ World Trade Center ទាំង២ខ្នង និង១គ្រឿងទៀត បុកមន្ទីរបញ្ចកោណ ដែលជាអគារក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ ក៏មានយន្តហោះ ១គ្រឿងទៀតផងដែរ ប៉ុន្តែវាបានធ្លាក់នៅទីវាលមួយ ក្នុងរដ្ឋ Pennsylvania បន្ទាប់ពីក្រុមអ្នកដំណើរ បានសម្រុកចូលបន្ទប់អាកាសយានិក ​ដើម្បីរារាំងពួកភេរវករ។

គួរបញ្ជាក់ថា បន្ទាប់ពីញូវយ៉ក លោក បៃដិន និងលោកស្រី ហារីស បានជិះយន្តហោះរួមគ្នា ទៅកាន់សង្កាត់ Shanksville នៃរដ្ឋ Pennsylvania ជាទីដែលក្រុមអ្នកដំណើរនៃជើងហោះហើរ Flight 93 របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានរារាំងក្រុមភេរវករដែលប្លន់យន្តហោះ ហើយបណ្តាលឱ្យយន្តហោះនោះធ្លាក់ ទៅលើទីវាលមួយ ជាហេតុជួយទប់ស្កាត់មិនឱ្យ គោលដៅមួយទៀត រងការវាយប្រហារ៕