(ស៉ីដនី)៖ នៅថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ ២០២៤នេះ រដ្ឋាភិបាលអូស្រ្តាលី បានណែនាំនូវច្បាប់ថ្មីមួយ ដែលកំណត់ការដាក់ទោសព្រហ្មទណ្ឌ ហើយជនល្មើសក៏ត្រូវជាប់ពន្ធនាគារផងដែរ ប្រសិនបើពួកគេកំណត់គោលដៅ លើពូជសាសន៍ ភេទ ជនជាតិដើម សាសនា ឬការបំពានផ្លូវភេទ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានស្នើឡើង ខណៈដែលរដ្ឋាភិបាលអូស្រ្តាលី កំពុងឆ្លើយតបទៅនឹងការកើនឡើងនៃបទល្មើស ដែលបង្កឡើងដោយសារតែភាពស្អប់ខ្ពើប ជុំវិញសង្រ្គាមហ្កាហ្សា និងអនុវត្តតាមច្បាប់ ដែលបានអនុម័តកាលពីឆ្នាំមុន ដែលហាមឃាត់របៀបលើកដៃគោរពរបស់ពួកណាហ្ស៉ីអាល្លឺម៉ង់ និងការបង្ហាញជាសាធារណៈនូវនិមិត្តសញ្ញាក្រុមភេរវកម្ម។ សេចក្តីព្រាងច្បាប់នេះ ស្នើឱ្យផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៥ឆ្នាំ ចំពោះជនណាដែលគម្រាមប្រើប្រាស់កម្លាំង ឬហិង្សាមកលើក្រុម ឬបុគ្គលណាមួយ។ ជនល្មើសក៏អាចជាប់ពន្ធនាគាររហូតដល់ ៧ឆ្នាំ ប្រសិនបើជាការគំរាមកំហែង ដល់រដ្ឋាភិបាល។
រដ្ឋាភិបាលនិយាយថា ខ្លួនក៏នឹងណែនាំច្បាប់ដាច់ដោយឡែកមួយទៀត នៅថ្ងៃព្រហស្បតិ៍នេះដែរ ដើម្បីដោះស្រាយបញ្ហាលួច ចែកចាយទិន្នន័យផ្ទាល់ខ្លួនរបស់នរណាម្នាក់តាមអ៉ីនធឺណេត ហើយជនល្មើសអាចជាប់ពន្ធនាគាររហូតដល់ ៦ឆ្នាំ។ កាលពីខែកុម្ភៈ នាយករដ្ឋមន្រ្តី លោក Anthony Albanese បានសន្យាចាត់វិធានការ ដើម្បីកុំឱ្យមានការចែកចាយរបៀបនេះ បន្ទាប់ពីឈ្មោះគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម និងព័ត៌មានលម្អិតផ្ទាល់ខ្លួនផ្សេងទៀតរបស់ជនជាតិជ្វីហ្វអូស្ត្រាលីរាប់រយនាក់ ត្រូវបានផ្សព្វផ្សាយតាមអ៉ីនធឺណេត ពីសំណាក់ក្រុមប្រឆាំងអ៉ីស្រាអែល៕