(យូអិន)៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី Linda Thomas-Greenfield បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អាមេរិកគាំទ្រឱ្យបង្កើត កៅអីសមាជិកអចិន្រ្តៃយ៍ចំនួន២ នៅក្រុមប្រឹក្សាសន្តិសុខ UN សម្រាប់ប្រទេសនៃទ្វីបអាហ្រ្វិក និងកៅអី១ទៀត សម្រាប់ឆ្លាស់វេនគ្នាក្នុងចំណោម បណ្តាប្រទេសដែនកោះកំពុងអភិវឌ្ឍន៍តូចៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

ការប្រកាសគាំទ្រគំនិតខាងលើនេះកើតមានឡើង ស្របពេលដែលសហរដ្ឋអាមេរិក ព្យាយាមជួសជុលទំនាក់ទំនងជាមួយអាហ្រ្វិក ជាទីដែលមានការមិនពេញចិត្តជាច្រើន ចំពោះការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោន ក្នុងសង្រ្គាមរបស់អ៉ីស្រាអែល នៅតំបន់ហ្កាហ្សា ហើយទន្ទឹមគ្នា អាមេរិកក៏ស្វែងរក ការធ្វើឱ្យទំនាក់ទំនងកាន់តែស៉ីជម្រៅផងដែរ ជាមួយបណ្តាប្រទេសដែនកោះនៅប៉ាស៉ីហ្វិក ដែលមានសារសំខាន់ ដើម្បីទប់ទល់ការកើនឡើងនៃឥទ្ធិពលរបស់ចិន នៅក្នុងតំបន់។

ការជំរុញនេះទៀតសោត គឺបន្ថែមពីលើការគាំទ្រជាយូរមកហើយ របស់ទីក្រុងវ៉ាស៉ីនតោន ដែលចង់ឱ្យឥណ្ឌា ជប៉ុន និងអាល្លឺម៉ង់ ទទួលបានកៅអីសមាជិកអចិន្រ្តៃយ៍ នៅក្នុងក្រុមប្រឹក្សាសន្តិសុខ UN។ ក្រៅពីនេះ អាមេរិកក៏មានបំណងចង់ឱ្យមាន ការតំណាងជា​លក្ខណៈអចិន្រ្តៃយ៍ នៅក្រុមប្រឹក្សាសន្តិសុខ សម្រាប់ប្រទេសមកពីតំបន់អាមេរិកឡាទីន និងសមុទ្រការីបង់ (Caribbean) ថែមទៀតផង ប៉ុន្តែមិនបានផ្តល់ខ្លឹមសារលម្អិតឡើយ។

ជាយូរដែរមកហើយ ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ បាននាំគ្នាទាមទារ កៅអីជាសមាជិកអចិន្រ្តៃយ៍នៅក្រុមប្រឹក្សាសន្តិសុខ ដែលជា​ស្ថាប័នមានអំណាចធំបំផុត របស់ UN។ ប៉ុន្តែកិច្ចពិភាក្សាជាច្រើនឆ្នាំមកនេះ ស្តីពីការធ្វើកំណែទម្រង់ ក្រុមប្រឹក្សាសន្តិសុខ UN គឺត្រូវបានមើលឃើញថា ហាក់គ្មានលទ្ធផលអ្វីបន្តិចសោះ ហើយការគាំទ្ររបស់អាមេរិក ក៏មិនច្បាស់ដែរថា នឹងអាចនាំទៅរក​ការធ្វើសកម្មភាព ឬអត់។ ដោយឡែក លោកស្រី Thomas-Greenfield បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកពុំគាំទ្រឱ្យពង្រីក អំណាចវេតូ លើសពីប្រទេសទាំង៥ នាពេលបច្ចុប្បន្ន ដែលមានសិទ្ធិប្រើវានោះទេ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ UN ទទួលបន្ទុក រក្សាសន្តិភាពនិងសន្តិសុខរបស់អន្តរជាតិ ហើយមានអំណាចដាក់ទណ្ឌកម្ម ហាមឃាត់ការលក់ដូរអាវុធ និងអនុញ្ញាតការប្រើប្រាស់ កម្លាំងយោធា។ នៅពេល UN ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៤៥ ក្រុមប្រឹក្សាសន្តិសុខដំបូង មានសមាជិកសរុបចំនួន១១ ប៉ុន្តែនៅឆ្នាំ១៩៦៥ ចំនួននេះត្រូវបានបង្កើនដល់១៥។ ក្នុងនោះសមាជិក១០ គឺត្រូវបោះឆ្នោតជ្រើសរើស ដើម្បីគ្រប់គ្រងកៅអីមួយអាណត្តិ មានរយៈពេល២ឆ្នាំ ខណៈ៥ទៀត គឺជាសមាជិកអចិន្រ្តៃយ៍ ដែលកាន់​សិទ្ធិវេតូ រួមមានសហរដ្ឋអាមេរិក រុស្ស៉ី ចិន ចក្រភពអង់គ្លេស និងបារាំង៕