(ប៉េកាំង)៖ នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការពារជាតិចិន លោក Dong Jun បានលើកឡើងថា ការនិយាយចរចាគ្នាដោយសន្តិវិធី គឺជាដំណោះស្រាយតែមួយគត់ សម្រាប់ជម្លោះដូចជា សង្រ្គាមនៅដែនដីប៉ាឡេស្ទីន Gaza Strip និងនៅប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

ថ្លែងទៅកាន់ក្រុមមន្រ្តីយោធាអន្តរជាតិ ដែលបានមកជួបជុំគ្នា ក្នុងវេទិកាវិស័យការពារជាតិ Xiangshan Forum នៅទីក្រុងប៉េកាំង លោកប្រមុខការពារជាតិចិន បាននិយាយយ៉ាងដូច្នេះថា «ដើម្បីដោះស្រាយបញ្ហាក្តៅៗបំផុត ដូចជាវិបត្តិនៅអ៊ុយក្រែន និងជម្លោះអ៉ីស្រាអែល-ប៉ាឡេស្ទីន ការលើកកម្ពស់សន្តិភាពនិងកិច្ចចរចា គឺជាមធ្យោបាយតែមួយគត់ ដែលអាចរកច្រកចេញបាន»។ Xiangshan Forum គឺជាវេទិកាស្តីពីវិស័យការពារជាតិធំបំផុតមួយ នៅតំបន់អាស៉ី ក្រៅពីសន្និសីទសន្តិសុខ Shangri-La Dialogue ដែលប្រារព្ធឡើងប្រចាំឆ្នាំ នៅប្រទេសសិង្ហបុរី។

គួរបញ្ជាក់ថា វេទិកា Xiangshan Forum បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយនឹងប្រព្រឹត្តទៅដល់ថ្ងៃសៅរ៍។ អ្នកតំណាងសរុបជាង៥០០នាក់ មកពីប្រទេស និងអង្គការជាង៩០ ត្រូវបានរំពឹងថា នឹងមកចូលរួម ក្នុងនោះមានទាំង ឧបការរីរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Michael Chase។ រីឯប្រធានបទនៃកិច្ចពិភាក្សា រួមមានដូចជា ទំនាក់ទំនងអាមេរិក-ចិន សន្តិសុខនៅអឺរ៉ុបនិងអាស៉ី ព្រមទាំងបញ្ហាប្រឈមនៃវិស័យការពារជាតិ ក្នុងពិភពលោកពហុប៉ូល៕