(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាប្រទេសរបស់លោកកំពុងខិតកាន់តែកៀកនឹងការបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី ខណៈអំពាវនាវឱ្យ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាដៃគូផ្សេងទៀតបន្តផ្ដល់ការគាំទ្រសម្រាប់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក ABC News ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា។ លោក ហ្សេលេនស្គី បានលើកឡើងដូច្នេះថា «ខ្ញុំគិតថាយើងកំពុងខិតកាន់តែកៀកនឹងសន្តិភាពដែលយើងកំពុងគិតដល់។ យើងកំពុងខិតកាន់តែកៀកនឹងការបញ្ចប់សង្រ្គាម»។ ក្នុងសម្ភាសន៍នោះដែរ មេដឹកនាំអ៊ុយក្រែនរូបនេះ បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន និងប្រទេសជាដៃគូដទៃទៀតបន្តផ្ដល់ការគាំទ្រដល់ទីក្រុងកៀវ។
កន្លងមក លោក ហ្សេលេនស្គី បាននិយាយថាមានតែការប្រកាន់ជំហរឱ្យរឹងមាំតែប៉ុណ្ណោះ ទើបអាចបង្ខំឱ្យលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បញ្ឈប់សង្រ្គាម ហើយបានទទូចទៀតផងឱ្យ រុស្ស៉ីដកកងទ័ពទាំងអស់ចេញពីអ៊ុយក្រែន និងស្ដារឡើងវិញនូវខ្សែបន្ទាត់ព្រំដែនក្រោយសូវៀតរលំរលាយ។ ចំណែក លោក ពូទីន វិញ បានបញ្ជាក់ថាកិច្ចចរចាសន្តិភាពអាចធ្វើទៅបាន លុះត្រាតែអ៊ុយក្រែនយល់ព្រមកាត់ទឹកដីមួយផ្នែកធំនៃតំបន់ភាគខាងកើត និងភាគខាងត្បូងរបស់ខ្លួនឱ្យរុស្ស៉ី និងបោះបង់ចោលមហិច្ឆតាចង់ក្លាយជាសមាជិក NATO។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី នៅពេលនេះកំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ និងដើម្បីធ្វើបទបង្ហាញពីផែនការសង្រ្គាមដែលលោក ផ្ទាល់ហៅថាផែនការជ័យជម្នះទៅកាន់លោក ចូ បៃដិន ព្រមទាំងបេក្ខជនប្រធានាធិបតីទាំង២រូប គឺលោកស្រី កាម៉ាឡា ហារីស និងលោក ដូណាល់ ត្រាំ៕