(ហុងកុង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bou Habib កាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញាថាចិនគាំទ្រយ៉ាងរឹងមាំចំពោះលីបង់ នៅក្នុងកិច្ចការពារអធិបតេយ្យ និងសន្តិសុខរបស់ខ្លួន ហើយថ្កោលទោសយ៉ាងខ្លាំងលើអំពើហិង្សា បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំរបស់អ៉ីស្រាអែល។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បើតាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសចិន លោក Wang និងលោក Habib បានជួបគ្នានៅក្នុងទីក្រុងញូវយ៉ក ជាទីដែលប្រមុខការទូតទាំង២បានផ្លាស់ប្ដូរយោបល់គ្នាពី ទស្សនៈយល់ឃើញលើស្ថានការណ៍នៅក្នុងតំបន់មជ្ឈិមបូព៌ា។ សេចក្ដីថ្លែងការណ៍នេះដដែលបាននិយាយថាលោក Wang បានប្រាប់លោក Habib ថាមិនថាស្ថានការណ៍ប្រែប្រួលបែបណា ក៏ដោយ ក៏ចិននឹងបន្តឈរនៅខាងភាពយុត្តិធម៌ និងឈរនៅខាងបងប្អូនអារ៉ាប់ ក្នុងនោះមានទាំងលីបង់ផងដែរ។ លោក Wang បានសង្កត់ធ្ងន់ដូច្នេះថា «យើងកំពុងតាមដានស្ថានការណ៍វិវត្តន៍ យ៉ាងយកចិត្តទុកដាក់នៅក្នុងតំបន់ ជាពិសេសបន្ទាប់ពីមានហេតុការណ៍ផ្ទុះឧបករណ៍ទំនាក់ទំនងក្នុងប្រទេសលីបង់កាលពីពេលថ្មីៗនេះ ហើយប្រឆាំងដាច់ខាតចំពោះការវាយប្រហារ មិនរើសមុខប្រឆាំងនឹងជនស៊ីវិល»។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលលីបង់ បានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលប្រឆាំងនឹងគោលដៅរាប់ពាន់កន្លែងរបស់ក្រុមហេសបូឡា កាលពី ថ្ងៃចន្ទ ទី២៣ ខែកញ្ញា បានកើនដល់ ៤៩២នាក់ និងរាប់ម៉ឺននាក់ត្រូវភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។ នៅក្នុងចំណោមអ្នកស្លាប់ ក្នុងនោះមានកុមារ ២៤នាក់ និងស្ត្រី៤២នាក់ ខណៈ១៦៤៥នាក់បានរងរបួស៕