(ហ្សាការតា)៖ ការធ្វើដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់ លោក Prabowo Subianto រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី និងជាប្រធានាធិបតីជាប់ឆ្នោត ទៅកាន់ប្រទេសចំនួន ២០ ចាប់តាំងពីឈ្នះការបោះឆ្នោតកាលពីខែកុម្ភៈមក ត្រូវបានមើលឃើញថាជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងការដឹកនាំនយោបាយការបរទេសរបស់ឥណ្ឌូណេស៊ី នៅពេលដែលលោកចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី២០ ខែតុលាខាងមុខនេះ។
។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។
អ្នកវិភាគជឿថា លោក Prabowo មានបំណងចង់ឲ្យឥណ្ឌូណេស៊ីកាន់តែមានឥទ្ធិពលនៅលើឆាកអន្តរជាតិ និងទទួលបានការគោរពពីបណ្តាប្រទេសដទៃ។
ទោះបីជាលោក Prabowo មិនបានចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំនេះក៏ដោយ ក៏ដំណើរទស្សនកិច្ចកន្លងមករបស់លោកបានបង្ហាញពីការផ្លាស់ប្តូរដ៏មានសក្តានុពលពីរបៀបនៃការដឹកនាំរបស់លោកនាពេលអនាគត បើធៀបនឹងប្រធានាធិបតីបច្ចុប្បន្ន លោក Joko Widodo ដែលផ្តោតសំខាន់លើកិច្ចការផ្ទៃក្នុង។
អ្នកវិភាគជឿថា លោក Prabowo នឹងដឹកនាំឥណ្ឌូណេស៊ីតាមផ្លូវថ្មី ដោយមានគោលនយោបាយការបរទេសផ្ទាល់ខ្លួន ដើម្បីបង្កើនឥទ្ធិពលរបស់ប្រទេសនៅលើឆាកអន្តរជាតិ ទាំងផ្នែកនយោបាយ សង្គម និងសេដ្ឋកិច្ច។ លោក Prabowo មានបំណងចង់ឲ្យឥណ្ឌូណេស៊ីកាន់តែសកម្ម ទទួលបានការគោរព និងមានភាពឯករាជ្យពីឥទ្ធិពលបរទេស៕