(វ៉ាស៊ីនតោន)៖ នៅបន្ទាប់ពីធ្វើសង្រ្គាមជាមួយក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សាជិតមួយឆ្នាំមកនេះ អ៉ីស្រាអែលបានផ្លាស់ប្ដូរការផ្តោតរបស់ខ្លួនទៅកាន់ព្រំដែនភាគខាងជើង តាមរយៈ ការបង្កើនការវាយប្រហារលើក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ក្នុងនោះរួមមានទាំងប្រតិបត្តិការកំណត់គោលដៅលើឧបករណ៍ទំនាក់ទំនង និងការទម្លាក់គ្រាប់បែកកម្ទេចគោលដៅ រាប់ពាន់កន្លែងរបស់ហេសបូឡា ដែលបានសម្លាប់មនុស្សជាង ៥៦៩នាក់ក្នុងនោះមានកុមារ ៥០នាក់ និងរងរបួស ១៨៣៥នាក់ គិតចាប់តាំងពីថ្ងៃចន្ទ ទី២៣ ខែកញ្ញាមក។
នៅមុនជម្លោះកាន់តែក្ដៅគគុកនេះ ការបាញ់ផ្លោងឆ្លងព្រំដែនដាក់គ្នាទៅវិញទៅមករវាងអ៉ីស្រាអែល និងក្រុមហេសបូឡា បានសម្លាប់មនុស្សជាង ៧៤០នាក់នៅខាងភាគីលីបង់ និងជនស៊ីវិល២៦នាក់ ព្រមទាំងទាហាន២២នាក់បានស្លាប់នៅខាងភាគីអ៉ីស្រាអែល ខណៈមនុស្សជាង ៩៤ ០០០នាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅតាមបណ្ដាយ ព្រំដែនអ៉ីស្រាអែល និងលីបង់។ ពិតមែនទៅ ការប្រយុទ្ធគ្នាជាមួយក្រុមហាម៉ាស បានស្រូបយកធនធានរបស់យោធាអ៉ីស្រាអែលរួចទៅហើយ ស្របពេលសេដ្ឋកិច្ចក៏កំពុងមានបញ្ហា រីឯរដ្ឋាភិបាលអ៉ីស្រាអែលត្រូវប្រឈមមុខនឹងសម្ពាធពីប្រជាជនខ្លួនឯងពាក់ព័ន្ធនឹងបទឈប់បាញ់ ដើម្បីនាំចំណាប់ខ្មាំងនៅសេសសល់ត្រឡប់មកពីផ្ទះវិញ។
ចំពោះមុខការកើនឡើងជម្លោះសព្វថ្ងៃ វាមិនទាន់ច្បាស់ថាតើអ៉ីស្រាអែលមានចេតនា ឬក៏មានអារម្មណ៍ថាខ្លួនត្រូវបង្ខំចិត្តដើម្បីធ្វើសង្រ្គាមថ្មើរជើងវាយលុកចូលលីបង់ ដែរឬក៏យ៉ាងណា នោះទេ? ក៏ប៉ុន្តែមានសំណួរដ៏សំខាន់មួយដែលគេត្រូវឆ្លើយមុនគេ នោះគឺថាតើអ៉ីស្រាអែលមានលទ្ធភាពធ្វើសង្រ្គាមក្នុងសមរភូមិ ២ ក្នុងពេលតែមួយបានដែរឬទេ?
* ហេសបូឡា មិនមែនហាម៉ាស
ហេសបូឡាដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៉ីរ៉ង់ នៅក្នុងតំបន់មជ្ឈិមបូព៌ា មិនត្រឹមតែបានអួតអាងពីអាវុធទំនើបៗក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះប៉ុណ្ណោះទេ តែពួកគេក៏បាន អួតអាងផងដែរពីចាក់ឬសយុទ្ធសាស្ត្រកាន់ជ្រៅ តាមរយៈការបង្កើតសម្ព័ន្ធភាពជាមួយចលនាប្រដាប់អាវុធជាសម្ព័ន្ធមិត្ត និងជាដៃគូរបស់ខ្លួននៅទូទាំងតំបន់មជ្ឈិមបូព៌ា មានទាំងនៅ យេម៉ែន និងអ៉ីរ៉ាក់។ ម្យ៉ាងវិញទៀត ខណៈយោធាអ៉ីស្រាអែលមានសមត្ថភាពកាន់តែខ្លាំងឡើង គិតចាប់តាំងពីធ្វើសង្រ្គាមនៅលីបង់កាលពីឆ្នាំ២០០៦មក ហេសបូឡាវិញក៏មិនបាន ទុកពេលឱ្យទំនេរឥតប្រយោជន៍នោះដែរ។ ក្រុមអ្នកវិភាគខាងយោធាបានវាយតម្លៃថាហេសបូឡាមានអ្នកប្រយុទ្ធចន្លោះពី ៣០ ០០០ ដល់៥០ ០០០នាក់។ ប៉ុន្តែ កាលពីដើម ឆ្នាំ២០២៤ មេដឹកនាំហេសបូឡា លោក Hassan Nasrallah បានអះអាងថាចលនាប្រដាប់អាវុធរបស់លោកមានអ្នកប្រយុទ្ធសកម្ម និងបម្រុងដល់ទៅ ១០០ ០០០នាក់។ ហេសបូឡា ក៏ត្រូវបានគេជឿជាក់ដែរថាមានមីស៊ីល និងគ្រាប់រ៉ុក្កែតចន្លោះពី ១២០ ០០០ ដល់២០០ ០០០គ្រាប់ ហើយក្នុងចំណោមមីស៊ីលទៀតសោត មានមីស៊ីលបំពាក់ប្រព័ន្ធ កំណត់គោលដៅជាក់លាក់ ១៥០០គ្រាប់ ដែលអាចបាញ់បានក្នុងចម្ងាយពី ២៥០ ដល់៣០០គីឡូម៉ែត្រ។
អំឡុងការវាយប្រហារសងសឹកអ៉ីស្រាអែល កាលពីចុងសប្ដាហ៍កន្លងទៅ ហេសបូឡាបាននិយាយថាខ្លួនបានវាយប្រហារលើមូលដ្ឋានទ័ពអាកាស Ramat David របស់អ៉ីស្រាអែល ដោយប្រើមីស៊ីលប្រភេទ Fadi 1 និង Fadi 2 ជាប្រភេទអាវុធបាញ់ចម្ងាយឆ្ងាយដែលត្រូវបានគេជឿថាហេសបូឡាទើបតែប្រើជាលើកដំបូង។ មូលដ្ឋានទ័ពអាកាស Ramat David ស្ថិតនៅចម្ងាយ ៣០ម៉ៃយ៍ ឬ៤៨គីឡូម៉ែត្រពីព្រំដែនលីបង់។ លោកស្រី Orna Mizrahi ជាអ្នកជំនាញស្ដីពីហេសបូឡាមកពីវិទ្យាស្ថាន INSS បាននិយាយថាសមត្ថភាពមួយផ្នែកធំ របស់អ៉ីស្រាអែល ដើម្បីធ្វើសង្រ្គាមសមរភូមិ២ ក្នុងពេលតែមួយ គឺអាស្រ័យលើការគាំទ្រពីសហរដ្ឋអាមេរិក។ « IDF (កងកម្លាំងការពារអ៉ីស្រាអែល) អាចប្រយុទ្ធក្នុងសមរភូមិ២ រយៈពេលយូរ ហើយយើងមានសមត្ថភាពធ្វើសង្រ្គាមបែបនេះ ប្រសិនបើយើងទទួលបានគ្រាប់រំសេវពីសហរដ្ឋអាមេរិក»។ នេះជាការយល់ឃើញរបស់លោកស្រី Mizrahi ដោយបន្ថែមថាបើសង្រ្គាមទាំងស្រុងមួយផ្ទុះឡើង សហរដ្ឋអាមេរិកអាចនឹងធ្វើអន្តរាគមន៍ជួយអ៉ីស្រាអែល។
* សម្ពាធលើយោធា
អ៉ីស្រាអែលគឺជាប្រទេសតូចមួយ ហើយកងទ័ពក៏មានចំនួនកំណត់ផងដែរ។ ក្នុងពេលត្រៀមលក្ខណៈសម្រាប់សង្រ្គាមទី២ IDF បានបង្វែរកងទ័ពរបស់ខ្លួនចេញពីអង្គភាពសំខាន់ៗ មួយចំនួនក្នុងតំបន់ហ្កាហ្សា ដើម្បីដាក់ពង្រាយទៅកាន់ពំ្រដែនភាគខាងជើងជាប់ជាមួយលីបង់។ «នៅពេលដែលអ្នកកំពុងប្រយុទ្ធក្នុងសមរភូមិលើសពីមួយ អ្នកមិនអាចចំណាយ ធនធានច្រើនហួសហេតុពេកទៅលើគ្រប់សមរភូមិនោះទេ ដែលនេះមានន័យថាអ្នកត្រូវតែបែងចែកធនធាន»។ នេះជាការលើកឡើងរបស់លោកស្រី Mizrahi។ កាលពីសប្ដាហ៍មុន
រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បាននិយាយថាកងទ័ពអ៉ីស្រាអែល និងធនធានមួយចំនួនធំកំពុងត្រូវបានដាក់ពង្រាយទៅកាន់ព្រំដែនភាគខាងជើង។ នៅក្នុង ចំណោមកងទ័ពដែលត្រូវបានដកចេញពីតំបន់ហ្កាហ្សា មានកងទ័ពអ៉ីស្រាអែលមកពីកងពលលេខ ៩៨ ឬគេស្គាល់ថា Utzbat HaEsh ដែលជាកងពលកងទ័ពលោតឆត្រយោង មានកងទ័ពចន្លោះពី១០ ០០០ ដល់២០ ០០០នាក់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល។
លោក Yoel Guzansky ជាអ្នកស្រាវជ្រាវខ្ពស់ម្នាក់មកពីវិទ្យាស្ថាន INSS ក្នុងទីក្រុង Tel Aviv និងធ្លាប់បម្រើការឱ្យក្រុមប្រឹក្សាសន្តិសុខជាតិអ៉ីស្រាអែល នៅក្រោមនាយករដ្ឋមន្ត្រី ៣រូប បាននិយាយថាការបង្វែរធនធានតម្រង់ទៅលីបង់ មិនមែនមានន័យថាសង្រ្គាមហ្កាហ្សាត្រូវបិទបញ្ចប់នោះទេ។ ប៉ុន្តែ គឺលោក Netanyahu កំពុងរងសម្ពាធត្រូវបង្ខំចិត្តដោះស្រាយ សមរភូមិភាគខាងជើងជាមួយហេសបូឡា ចំពោះមុខការកើនឡើងសម្ពាធនៅក្នុងស្រុកទាមទារឱ្យរដ្ឋាភិបាលរបស់លោកធ្វើយ៉ាងណាសម្រួលឱ្យប្រជាជនអ៉ីស្រាអែលដែលភៀសខ្លួន ចេញពីតំបន់ព្រំដែនភាគខាងជើង ត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។ ក្រុមអ្នកវិភាគ និងមន្ត្រីយោធាដែលត្រូវបានស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល ក៏បានលើកឡើងម្ដងហើយម្ដងទៀតដែរថា IDF កំពុងប្រឈមមុខនឹងការខ្វះខាតធនធាន។ ដោយធ្វើសង្រ្គាមជាមួយហាម៉ាស អ៉ីស្រាអែលបានកែនកងទ័ពបម្រុង ២៩៥ ០០០នាក់ ដើម្បីបង្កើនចំនួនកងទ័ពរបស់ខ្លួន តែចំនួននេះនៅតែមិនទាន់គ្រប់គ្រាន់នោះទេ។ តាមលោក Guzansky សង្រ្គាមនៅហ្កាហ្សាជាសង្រ្គាមមានរយៈពេលយូរបំផុតមួយនៅក្នុង ប្រវត្តិសាស្ត្រអ៉ីស្រាអែល ពោលគឺយូរជាងសង្រ្គាមដើម្បីឯករាជ្យក្នុងឆ្នាំ១៩៤៨ទៅទៀត។ អ្នកជំនាញរូបនេះបន្ថែមថាគោលដៅរបស់អ៉ីរ៉ង់ និងហេសបូឡាគឺធ្វើឱ្យអ៉ីស្រាអែល ចុះខ្សោយបន្តិចម្ដងៗ។
* សេដ្ឋកិច្ចដាំក្បាលចុះក្រោម
សេដ្ឋកិច្ចរបស់អ៉ីស្រាអែល បានរងរបួសធ្ងន់ធ្ងរគួរសមពីសង្រ្គាមហ្កាហ្សា។ ហាងទំនិញរាប់ពាន់កន្លែងនៅក្នុងប្រទេសអ៉ីស្រាអែលបានរងផលប៉ះពាល់ ខណៈកងទ័ពបម្រុងបាន បោះចោលជីវភាពប្រចាំថ្ងៃរបស់ខ្លួន ដើម្បីកាន់អាវុធប្រយុទ្ធ។ «វាជាការបំផ្លិចបំផ្លាញមួយលើសេដ្ឋកិច្ចអ៉ីស្រាអែល និងសង្គមអ៉ីស្រាអែល»។ នេះបើតាមការកត់សម្គាល់របស់លោក Guzansky ជាមួយការបន្ថែមថាផលប៉ះពាល់បែបនេះអាចនឹងអូសបន្លាយពេលច្រើនឆ្នាំទៅមុខ។ បើតាមទិន្នន័យផ្ដល់ដោយអង្គការ OECD សេដ្ឋកិច្ចអ៉ីស្រាអែលបានធ្លាក់ចុះ ៤.១ភាគរយ នៅប៉ុន្មានខែដំបូងនៃសង្រ្គាមហ្កាហ្សា ហើយនៅតែបន្តដាំក្បាលចុះ ទោះក្នុងល្បឿនយឺតៗក៏ដោយ។
សេដ្ឋកិច្ចដំាក្បាលចុះនេះកើតមានឡើងចំពេលយោធាអ៉ីស្រាអែលកំពុងចាយលុយខ្ពស់កប់ពពក។ កាលពីដើមឆ្នាំ២០២៤ លោក Amir Yaron អភិបាលធនាគារកណ្ដាលអ៉ីស្រាអែល បានព្រមានថាសង្រ្គាមត្រូវបានរំពឹងថានឹងធ្វើឱ្យអ៉ីស្រាអែលខាតបង់ ៦៧ពាន់លានដុល្លារនៅចន្លោះពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ហើយដែលការខាតបង់នេះស្មើជិត ១៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬ GDP របស់អ៉ីស្រាអែល។ ហើយនេះមិនទាន់រាប់បញ្ចូលការចំណាយលើយោធាក្នុងមួយឆ្នាំៗស្មើនឹង ៤.៥ ដល់៦.៥ភាគរយនៃ GDP ផង។
* មុខមាត់នៅលើឆាកអន្តរជាតិ
បើតាមក្រុមអ្នកជំនាញ សង្រ្គាម ឬសមរភូមិទី២ ជាពិសេសសង្រ្គាមមួយដែលអាចនឹងបង្កវិនាសកម្មនៅក្នុងប្រទេសលីបង់ ខ្លាំងជាងអ៉ីស្រាអែល វាអាចនឹងក្លាយជារឿងចុងក្រោយមួយ ដែលប្រទេសជាច្រើន ដែលបានរិះគន់អ៉ីស្រាអែលជុំវិញសង្រ្គាមហ្កាហ្សារួចទៅហើយនោះ មិនអាចទទួលយកបាន។ នៅក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូង អ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន អ៉ីស្រាអែលទទួលបានការគាំទ្រ និងក្ដីអាណិតអាសូរពីប្រទេសភាគច្រើននៅជុំវិញពិភពលោក។ តែក្ដីអាណិតអាសូរនេះបានប្រែក្លាយជា ការខកចិត្ត និងការរិះគន់ ដោយសារតែការបំផ្លិចបំផ្លាញ និងការស្លាប់របស់ជនស៊ីវិលស្លូតត្រង់ប៉ាឡេស្ទីន ក្រោមការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល រហូតដល់អ៉ីស្រាអែលខ្លួនឯង រងការចោទប្រកាន់ថាកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្រ្គាមនៅហ្កាហ្សា។ ដោយឡែក នៅក្នុងស្រុកវិញ ការគាំទ្ររបស់ប្រជាជនអ៉ីស្រាអែលចំពោះសង្រ្គាម ប្រឆាំងក្រុមហាម៉ាសក៏បានធ្លាក់ចុះមកវិញផងដែរនារយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈនិយាយពីសង្រ្គាមជាមួយហេសបូឡា ប្រជាជនអ៉ីស្រាអែលមានការខ្វែងគំនិតគ្នាច្រើន។
គួរបញ្ជាក់ថា ការស្ទង់មតិមួយធ្វើឡើងវិទ្យាស្ថាន Israel Democracy Institute កាលពីខែកក្កដាកន្លងទៅ បានរកឃើញ៤២ភាគរយនៃជនជាតិអ៉ីស្រាអែលត្រូវបានសម្ភាសន៍ គិតថា ប្រទេសរបស់ពួកគេគួរតែបន្តអនុវត្តនយោបាយការទូតជាមួយហេសបូឡា រីឯ៣៨ភាគរយថាអ៉ីស្រាអែលគួរតែបន្តធ្វើសកម្មភាពយោធាដើម្បីយកជ័យជម្នះលើចលនាប្រដាប់អាវុធ មួយនេះ។ តែទោះជាបែបនេះក្ដី លោក Guzansky យល់ថាសម្ពាធជំរុញឱ្យធ្វើសង្រ្គាមនៅភាគខាងជើង គឺមានភាពប្រាកដប្រជាច្រើនជាង ដោយប្រជាជនភាគច្រើន ដែលរស់នៅ ក្បែរតំបន់សមរភូមិជិតមួយឆ្នាំមួយនេះ ជឿថា «មានតែសង្រ្គាមពេញទំហឹងទេ» ដែលអាចកែប្រែស្ថានការណ៍នៅភាគខាងជើងបាន៕