(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានលោកខាងលិចកាលពីថ្ងៃពុធ ទី២៥ ខែកញ្ញាថារុស្ស៉ីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើខ្លួនរងការវាយប្រហារដោយ មីស៊ីលធម្មតា ហើយទីក្រុងមូស្គូក៏អាចនឹងចាត់ទុកផងដែរថាការគាំទ្រចំពោះការវាយប្រហារបែបនេះដោយរដ្ឋនុយក្លេអ៊ែរណាមួយគឺជាការរួមដៃគ្នាវាយប្រហាររុស្ស៉ី។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការព្រមានរបស់លោក ពូទីន ត្រូវបានគេមើលឃើញថាជាការឆ្លើយតបទៅនឹងការពិចារណានៅក្នុងសហរដ្ឋអាមេរិក និងអង់គ្លេស អំពីថាតើពួកគេគួរ ឬមិនគួរអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើ មីស៊ីលចម្ងាយឆ្ងាយផ្ដល់ដោយលោកខាងលិចវាយប្រហារលើគោលដៅស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ី? ថ្លែងទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី លោក ពូទីន បាននិយាយថា ការផ្លាស់ប្ដូរគោលនយោបាយនុយក្លេអ៊ែររុស្ស៉ី គឺជាការឆ្លើយតបទៅនឹងការប្រែប្រួលស្ថានការណ៍សកលលោកដែលបានបង្កើនការគំរាមកំហែង និងហានិភ័យសម្រាប់រុស្ស៉ី។
បើតាមប្រមុខវិមានក្រឹមឡាំងវ័យ៧១ឆ្នាំរូបនេះ និងជាអ្នកសម្រេចចិត្តចម្បងលើឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៉ី អំណេះតទៅ ការឈ្លានពាន ឬការវាយប្រហារប្រឆាំងរុស្ស៉ីដោយរដ្ឋមិនមាន អាវុធនុយក្លេអ៊ែរ ប៉ុន្តែមានការចូលរួម ឬការគាំទ្រពីរដ្ឋមានអាវុធនុយក្លេអ៊ែរណាមួយ នឹងត្រូវបានចាត់ទុកថាជាការរួមដៃគ្នាវាយប្រហារលើសហព័ន្ធរុស្ស៉ី។
គួរបញ្ជាក់ថា ការព្រមានរបស់លោក ពូទីន វាជាបញ្ជាក់ថារុស្ស៉ីបានកែប្រែគោលនយោបាយនុយក្លេអ៊ែរសព្វថ្ងៃ ដែលត្រូវបានចេញផ្សាយកាលពីឆ្នាំ២០២០ ដោយបាននិយាយថារុស្ស៉ី អាចនឹងប្រើអាវុធនុយក្លេអ៊ែរ នៅក្នុងករណីដែលខ្លួនរងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរពីសត្រូវ ឬក៏ការវាយប្រហារដោយអាវុធធម្មតាណាមួយដែលបង្កការគំរាមកំហែងដល់អាយុជីវិត ជាតិរបស់រុស្ស៉ី៕