(តូក្យូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានរាយការណ៍ថា ជប៉ុនបានបញ្ជូននាវាចម្បាំង១គ្រឿង ឱ្យធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់ ជាលើកដំបូងបំផុត ហើយការបើកកាត់ផ្លូវទឹកចម្រូងចម្រាសនោះ ត្រូវបានធ្វើឡើងរួមគ្នា ជាមួយនាវាចម្បាំងមកពី​អូស្រ្តាលី និងនូវែលសេឡង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Al Jazeera នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយជប៉ុន រួមមាន NHK និង Yomiuri Shimbun បាននិយាយថា កាលពីថ្ងៃពុធសប្តាហ៍នេះ នាវាចម្បាំងជប៉ុន Sazanami បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់រួមគ្នា ជាមួយនាវាយោធាមកពីប្រទេសអូស្រ្តាលី និងនូវែលសេឡង់ ស្របពេល​ប្រទេសទាំង៣ គ្រោងនឹងរៀបចំការធ្វើសមយុទ្ធយោធារួម នៅតំបន់សមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទ។ ខាងកងទ័ពជើងទឹក​នូវែលសេឡង់ ក៏បានទទួលស្គាល់ដែរថា នាវារបស់ខ្លួន Aotearoa បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាមួយនាវា Sydney របស់កងទ័ពជើងទឹកអូស្រ្តាលី។

ខណៈវាគឺជាការបើកឆ្លងកាត់ជាលើកដំបូងបង្អស់សម្រាប់ជប៉ុន វាជាលើកទី១ សម្រាប់នូវែលសេឡង់ គិតក្នុងរយៈពេល៧ឆ្នាំ។ ចំណែកអូស្រ្តាលីវិញ គឺធ្លាប់បានបញ្ជូននាវាចម្បាំង ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីចុងឆ្នាំ២០២៣។ ការបើកឆ្លងកាត់​ដោយនាវាយោធារបស់ប្រទេសទាំង៣ កើតមានឡើងនៅ១សប្តាហ៍ បន្ទាប់ពីនាវាផ្ទុកយន្តហោះចម្បាំងចិន Liaoning បានធ្វើដំណើរជាលើកដំបូង​ ឆ្លងកាត់កោះចំនួន២របស់ជប៉ុន នៅក្បែរកោះតៃវ៉ាន់។

គួរបញ្ជាក់ថា ចិនចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន ដូច្នេះហើយ ច្រកសមុទ្រតៃវ៉ាន់ ក៏ត្រូវបានចាត់ទុកថា ស្ថិតនៅក្រោម​យុត្តាធិការរបស់ប្រទេសចិនផងដែរ។ យ៉ាងណាមិញ សហរដ្ឋអាមេរិក និងតៃវ៉ាន់ បានប្រកែកថា វាគឺជាផ្លូវទឹកអន្តរជាតិ។ អាមេរិកព្រមទាំង​សម្ព័ន្ធមិត្តរបស់ខ្លួន បានចល័តនាវាចម្បាំងជារឿយៗ ឆ្លងកាត់ច្រកសមុទ្រនេះ។ កាលពីខែសីហាកន្លងទៅ អាល្លឺម៉ង់បានបញ្ជូន​នាវាចម្បាំង២គ្រឿង ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាលើកដំបូង គិតក្នុងរយៈពេល២ទសវត្សរ៍៕