(វ៉ាស៊ីនតោន)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទនេះបានសម្រេចបន្តអនុញ្ញាតឱ្យកងកម្លាំងសន្តិសុខអន្តរជាតិដឹកនាំ ដោយកេនយ៉ាបន្តបេសកកម្មរបស់ខ្លួននៅក្នុងប្រទេសហៃទីរយៈពេលមួយឆ្នាំទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។
ការសម្រេចនេះកើតឡើងនៅចំពេលដែលមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅៗនៅក្នុងប្រទេស។
មេដឹកនាំហៃទីកាលពីសប្ដាហ៍មុនបានព្រមានអំពីស្ថានភាពអសន្តិសុខកាន់តែអាក្រក់ទៅៗនៅក្នុងប្រទេសការាបៀននេះ។ ក្រុមក្មេងទំនើងប្រដាប់អាវុធ ដែលភាគច្រើនទទួលបានអាវុធតាមរយៈការជួញដូរពីសហរដ្ឋអាមេរិក បានគ្រប់គ្រងតំបន់យ៉ាងច្រើននៅក្នុងរដ្ឋធានី និងតំបន់ជុំវិញ។
បេសកកម្មជំនួយផ្នែកសន្តិសុខ ដែលមិនមែនជាប្រតិបត្តិការផ្លូវការរបស់អង្គការសហប្រជាជាតិ បានជួបប្រទះនឹងការលំបាកក្នុងការស្តារសន្តាប់ធ្នាប់ឡើងវិញ ដោយសារកងកម្លាំងមានកំណត់ និងការខ្វះខាតថវិកា។ ទោះបីជាមានឧបសគ្គក៏ដោយ ការបន្តអនុញ្ញាតនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិក្នុងការជួយដល់ប្រទេសហៃទីក្នុងការស្វែងរកសន្តិភាព និងស្ថិរភាព៕