(ប៉ារីស)៖ ការស្លាប់របស់មេដឹកនាំហេសបូឡា លោក Hassan Nasrallah នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែល លើភាគខាងត្បូង នៃរដ្ឋធានីបេរូត ប្រទេសលីបង់ កាលពីថ្ងៃទី២៧ ខែកញ្ញា បានបង្កឱ្យមានការសង្ស័យពីអនាគតរបស់ហេសបូឡា ហើយថាតើវាមានន័យយ៉ាងណាចំពោះលីបង់ រួមទាំងតំបន់មជ្ឈិមបូព៌ាទាំងមូល។ ណាមួយ ការផ្តោត នៅពេលនេះក៏បានបង្វែរផងដែរទៅកាន់អនាគតអ្នកស្នងតំណែងជាមេដឹកនាំថ្មីរបស់ហេសបូឡា នោះគឺលោក Hashem Safieddine។
តាមពិតទៅ អ៉ីស្រាអែលបានបង្កើនការវាយប្រហារតាមផ្លូវអាកាសយ៉ាងសាហាវអស្ចារ្យជាច្រើនថ្ងៃមកហើយ លើមូលដ្ឋានរបស់ក្រុមហេសបូឡា នៅទូទាំងប្រទេសលីបង់ រហូតដល់ថ្នាក់ សម្លាប់លោក Nasrallah ទៅទៀត។ ក្រុមហេសបូឡាបានសន្យាថានឹងសងសឹកអ៉ីស្រាអែល។ ការសងសឹកអាចធ្វើទៅកើត មិនមែនអាស្រ័យលើការសម្រេចចិត្តរបស់ហេសបូឡា តែម្នាក់ឯងនោះទេ ពោលក៏ត្រូវមានភ្លើងបៃតងពីអ៉ីរ៉ង់ផងដែរ។ ប៉ុន្តែ អ៉ីរ៉ង់ដែលជាបងធំរបស់ហេសបូឡា ត្រូវបានគេមើលឃើញថាបែរជានៅស្ងៀម បណ្ដោយឱ្យអ៉ីស្រាអែលសំពង សម្ព័ន្ធមិត្តរបស់ខ្លួនតាមអំពើចិត្តទៅវិញ។ ដូច្នេះមុននឹងសួរថាតើជម្លោះរវាងអ៉ីស្រាអែល និងហេសបូឡានឹងទៅជាយ៉ាងណាតទៅទៀត យើងអាចសាកល្បងយល់សិនពីការគិតរបស់អ៉ីរ៉ង់។
ក្រុមមន្ត្រីអាមេរិកបាននិយាយថាអ៉ីរ៉ង់អាចនឹងធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ដើម្បីការពារហេសបូឡា លុះត្រាតែមេដឹកនាំអ៉ីរ៉ង់អាចឈានដល់ការសន្និដ្ឋានថាពួកគេកំពុង ឬក៏អាចនឹង បាត់បង់ហេសបូឡា។ អ៉ីរ៉ង់បានប្រកាសកាន់ទុក្ខនៅទូទាំងប្រទេសរយៈពេល៥ថ្ងៃ ជាកិច្ចគោរពដល់វិញ្ញាណក្ខន្ធរបស់លោក Nasrallah។ «លោក Nasrallah មិនមែនត្រឹមតែជាបុគ្គល ម្នាក់ប៉ុណ្ណោះទេ តែលោកគឺប្រៀបដូចជាផ្លូវដើរ និងជាមធ្យោបាយមួយនៃការគិត ហើយផ្លូវដើរនឹងនៅតែបន្ត»។ នេះជាការគូសបញ្ជាក់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei នៅក្នុងសុន្ទរកថាមួយផ្សាយផ្ទាល់តាមកញ្ចប់ទូរទស្សន៍រដ្ឋ ជាមួយការបន្ថែមថាការស្លាប់របស់លោក Nasrallah នឹងមិនអាចកន្លងហួសទៅដោយ មិនមានការសងសឹកនោះទេ។ ម្យ៉ាង សមាជិកជាន់ខ្ពស់ម្នាក់របស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ម្នាក់ លោកឧត្តមសេនីយ៍ Abbas Nilforushan ក៏បានស្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែលដែលបានសម្លាប់មេដឹកនាំ ហេសបូឡាផងដែរ។
តែទោះជាយ៉ាងណាក៏ដោយ លោក Ali Vaez ជាអ្នកនាយកកម្មវិធីស្រាវជ្រាវស្ដីពីអ៉ីរ៉ង់មកពីស្ថាប័ន International Crisis Group យល់ថាជម្រើសសងសឹករបស់អ៉ីរ៉ង់មានចាប់ពីជម្រើស មិនសូវល្អ រហូតដល់ជម្រើសអាក្រក់បំផុត។ បើតាមលោក Vaez ហេសបូឡាប្រៀបដូចជាខែលការពារអ៉ីរ៉ង់ពីការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល តែបើអ៉ីរ៉ង់សម្រេចចិត្ត នៅពេលនេះថាត្រូវចូលជួយហេសបូឡាដោយផ្ទាល់ នោះសង្រ្គាមជាមួយអ៉ីស្រាអែលដែលជាសត្រូវដ៏ខ្លាំងមួយ និងមានសហរដ្ឋអាមេរិកនៅពីក្រោយផងនោះ នឹងផ្ទុះឡើង។ យល់ឃើញ ស្រដៀងគ្នានេះដែរ លោក Mehran Kamrava មកពីសាកលវិទ្យាល័យ Georgetown បានព្យាករថាអ៉ីរ៉ង់ទំនងជានឹងមិនបញ្ចេញប្រតិកម្ម ឬក៏សងសឹកខ្លាំងក្លាណាមួយឱ្យវិញ្ញាណក្ខន្ធ របស់លោក Nasrallah នោះទេដោយសំអាងលើ «គោលលទ្ធិ» របស់អ៉ីរ៉ង់ នោះគឺយុទ្ធសាស្ត្រអត់ធ្មត់ ដើម្បីលេងហ្គេមយូរអង្វែង។ «ខ្ញុំគិតថាគោលលទ្ធិនេះនឹងនៅតែបន្ត...ហើយពួកគេ (អ៉ីរ៉ង់) នឹងនៅតែស្ទាក់ស្ទើរក្នុងការធ្វើសង្រ្គាមដោយផ្ទាល់ជាមួយអ៉ីស្រាអែល»។ នេះជាការកត់សម្គាល់របស់លោក Kamrava។
ក៏ប៉ុន្តែ បើមិនធ្វើអ្វីសោះ ក៏មិនមែនជារឿងល្អនោះដែរសម្រាប់អ៉ីរ៉ង់ ពីព្រោះវាអាចនឹងធ្វើរង្គោះរង្គើរដល់ទំនុកចិត្តនៃសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ នៅក្នុងបក្សសម្ព័ន្ធ Axis of Resistance។ នេះជា ការយល់ឃើញរបស់លោក Danny Citrinowicz ជាអ្នកជំនាញម្នាក់ស្ដីពីអ៉ីរ៉ង់ មកពីវិទ្យាស្ថាន Atlantic Council ជាមួយការគូសបញ្ជាក់ថា «នៅគ្រប់សេណារីយ៉ូ តេហេរ៉ង់នឹងព្យាយាម ធ្វើឱ្យហេសបូឡាមានស្ថិរភាព និងកសាងកម្លាំងឡើងវិញ។ ប៉ុន្តែការធ្វើបែបនេះនឹងក្លាយជារឿងកាន់តែស្មុគស្មាញ ដោយសារតែគ្មានលោក Nasrallah»។
លើសពីនេះទៅទៀត កត្តាទីតាំងភូមិសាស្ត្រដែលលីបង់នៅកៀកអ៉ីស្រាអែល នៅឆ្ងាយពីតេហេរ៉ង់ ក៏ជាបញ្ហាធំមួយដែរថាតើអ៉ីរ៉ង់ត្រូវផ្ដល់ជំនួយយោធាដោយផ្ទាល់ដល់ហេសបូឡា យ៉ាងដូចម្ដេច? គេនៅចាំបានថា កាលពីខែមេសាកន្លងទៅ អ៉ីរ៉ង់បានបាញ់មីស៊ីល និងដ្រូនទ្រង់ទ្រាយធំលើអ៉ីស្រាអែល តែបានបង្កការខូចខាតតិចតួចប៉ុណ្ណោះ ខណៈការសម្លាប់មេដឹកនាំ ហាម៉ាស លោក Ismail Haniyeh ក្នុងទីក្រុងតេហេរ៉ង់ និងការបំផ្ទុះម៉ាស៊ីនផ្ញើសារ pager រួមទាំងវិទ្យុទាក់ទងអាយកូមនៅទូទាំងប្រទេសលីបង់ វាបានបង្ហាញរួចទៅហើយថាចារកម្ម អ៉ីស្រាអែលបានទម្លុះចូលដល់អ៉ីរ៉ង់ និងនៅទូទាំងតំបន់មជ្ឈិមបូព៌ាទាំងមូល។ បានន័យថាព្រឹត្តិការណ៍ទាំងអស់នេះ បានធ្វើឱ្យអំណាចកំញើញសត្រូវរបស់អ៉ីរ៉ង់ចុះខ្សោយ ដែលនេះកាន់តែ ធ្វើឱ្យទំនុកចិត្ត និងការធ្វើអន្តរាគមន៍យោធាដោយផ្ទាល់នឹងត្រូវប្រឈមមុខជាមួយហានិភ័យដ៏ធំធេង។
គួរបញ្ជាក់ថា នៅបន្ទាប់ពីការស្លាប់របស់លោក Nasrallah ដែលបានដឹកនាំហេសបូឡាអស់រយៈពេលជាង៣២ឆ្នាំមកនេះ មនុស្សម្នាក់ដែលគេរំពឹងថាអាចនឹងក្លាយជាអ្នកស្នងតំណែងបន្ត ជាមេដឹកនាំថ្មីរបស់ហេសបូឡា គឺលោក Hashem Safieddine ដែលត្រូវជាបងប្អូនជីដូនមួយរបស់លោក Nasrallah៕