(បេរូត)៖ នាថ្ងៃអង្គារនេះ ការបើកប្រតិបត្តិការយោធាតាមផ្លូវគោករបស់អ៉ីស្រាអែល ចូលប្រទេសលីបង់ ហាក់កំពុងប្រព្រឹត្តទៅហើយ ប៉ុន្តែក្នុងដំណាក់កាលដំបូង យោធាអ៉ីស្រាអែលនិយាយថា កងកម្លាំងរបស់ខ្លួន បានចាប់ផ្តើមប្រតិបត្តិការវាយឆ្មក់ក្នុងទ្រង់ទ្រាយតូចៗ និងមានដែនកំណត់ ប្រឆាំងគោលដៅក្រុមហេសបូឡា ដែលស្ថិតនៅតំបន់ព្រំប្រទល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១ ខែតុលា ឆ្នាំ២០២៤។
យោធាអ៉ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនបានចាប់ផ្តើមនូវអ្វីដែលត្រូវបានហៅថា ប្រតិបត្តិការវាយឆ្មក់តាមផ្លូវគោក ដែលមានទ្រង់ទ្រាយតូចៗ និងមានដែនកំណត់ ហើយកំណត់គោលដៅជាក់លាក់ ដោយផ្អែកលើការស៉ើបការណ៍ច្បាស់ៗ ប្រឆាំងនឹងក្រុមហេសបូឡា នៅតាមភូមិក្នុងតំបន់ភាគខាងត្បូងលីបង់ ជាប់បណ្តោយព្រំដែន ដែលអាចបង្កការគំរាមកំហែងភ្លាមៗ ចំពោះសហគមន៍ប្រជាជនអ៉ីស្រាអែល នៅភាគខាងជើងប្រទេសអ៉ីស្រាអែល។ យោធាអ៉ីស្រាអែល ក៏បានបញ្ជាក់ដែរថា យន្តហោះចម្បាំង និងប្រព័ន្ធបាញ់ផ្លោង កំពុងគាំទ្រប្រតិបត្តិការរបស់កងកម្លាំងជើងគោក ជាមួយការវាយប្រហារយ៉ាងច្បាស់លាស់។
ការបញ្ជូនកងទ័ពអ៉ីស្រាអែល ចូលក្នុងប្រទេសលីបង់ ស្តែងឱ្យឃើញពីការកើនឡើងជម្លោះកាន់តែខ្លាំងទៅៗ នៅតំបន់មជ្ឈិមបូព៌ា រវាងអ៉ីស្រាអែល និងក្រុមចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ ដែលបានចាប់ផ្តើមផ្ទុះឡើងដំបូង ក្រោយក្រុមហាម៉ាសប៉ាឡេស្ទីន បានបើកការវាយឆ្មក់ទ្រង់ទ្រាយធំយ៉ាងប្រល័យ ចូលភាគខាងត្បូងអ៉ីស្រាអែល កាលពីជិត១ឆ្នាំមុន ហើយបង្កទៅជា សង្រ្គាមនៅឯតំបន់ហ្កាហ្សា។ ជម្លោះនេះកំពុងបង្កហាភ័យកាន់តែខ្ពស់ ក្នុងការអូសទាញសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ឱ្យចូលពាក់ព័ន្ធដោយផ្ទាល់។
ភាពតានតឹងរវាងអ៉ីស្រាអែល និងហេសបូឡា បានហក់ឡើងយ៉ាងគំហុក អំឡុងរយៈពេល ២សប្តាហ៍ចុងក្រោយ នៅពេលដែលអ៉ីស្រាអែលជាប់សង្ស័យថា ជាអ្នកនៅពីក្រោយ ការបំផ្ទុះឧបករណ៍ទាក់ទងរាប់ពាន់គ្រឿង របស់ក្រុមហេសបូឡា ហើយក្រោយមក បានបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសឥតសំចៃដៃ នៅលីបង់។ ការទម្លាក់គ្រាប់បែក របស់អ៉ីស្រាអែល បានផ្តាច់ជីវិតមេបញ្ជាការហេសបូឡាជាច្រើននាក់ ហើយកាលពីថ្ងៃសុក្រសប្តាហ៍មុន ក៏បានសម្លាប់មេដឹកនាំហេសបូឡាតែម្តង គឺលោក Hassan Nasrallah។ មិនតែប៉ុណ្ណោះ បើតាមរដ្ឋាភិបាលលីបង់ ជនស៉ីវិល១,០០០នាក់ ក៏បានស្លាប់ផងដែរ ហើយប្រហែល១លាននាក់ ត្រូវបានបង្ខំឱ្យរត់ព្រាត់ប្រាសពីផ្ទះសម្បែង។
ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ មនុស្សយ៉ាងហោច៩៥នាក់ទៀត ត្រូវបានសម្លាប់ និង១៧២នាក់បានរងរបួស ក្រោមការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល នៅពាសពេញប្រទេសលីបង់។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ មេដឹកនាំរងក្រុមហេសបូឡា លោក Naim Qassem បានចេញមុខនិយាយថា ទោះបាត់បង់លោក Nasrallah ក៏ដោយ ហេសបូឡានៅតែត្រៀមខ្លួនជាស្រេច ដើម្បីប្រឈមមុខជាមួយ ប្រតិបត្តិការឈ្លានពានតាមផ្លូវគោករបស់អ៉ីស្រាអែល ហើយបានព្រមានថា ការប្រយុទ្ធគ្នានោះ អាចនឹងអូសបន្លាយ ក្នុងរយៈពេលដ៏យូរមួយ។
កាលពីខែកញ្ញា អ៉ីស្រាអែលបាននិយាយថា ខ្លួនបានបង្វែរការយកចិត្តទុកដាក់ចេញពីសង្រ្គាមនៅតំបន់ហ្កាហ្សា ជាមួយក្រុមហាម៉ាស ដើម្បីមកផ្តោតលើការធានាសន្តិសុខឡើងវិញ នៅព្រំប្រទល់ភាគខាងជើងជាប់ជាមួយលីបង់ បន្ទាប់ពីប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់ ត្រូវជម្លៀសខ្លួនចេញពីទីនោះ ដើម្បីគេចពីការបាញ់គ្រាប់រ៉ុក្កែត របស់ក្រុមហេសបូឡា។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន អ៉ីស្រាអែលបានបដិសេធសំណើរបស់សហរដ្ឋអាមេរិក និងបារាំង ព្រមទាំងក្រុមប្រទេសអារ៉ាប់ និងអឺរ៉ុប ដែលបានអំពាវនាវ ឱ្យមានបទឈប់បាញ់ រយៈពេល២១ថ្ងៃ រវាងអ៉ីស្រាអែលនិងហេសបូឡា ដើម្បីផ្តល់ឱកាសដល់ការដោះស្រាយជម្លោះតាមរយៈការទូត ដែលនឹងអនុញ្ញាតឱ្យជនស៉ីវិលដែលត្រូវជម្លៀសខ្លួន ទាំងនៅអ៉ីស្រាអែល និងនៅលីបង់ អាចវិលត្រឡប់ទៅផ្ទះវិញ៕