(វ៉ាស៉ីនតោន)៖ គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ចំនួនអ្នកបាត់បង់ជីវិត ដោយសារការវាយប្រហារ នៃព្យុះហឺរីខិនដ៏ខ្លាំងក្លាមួយ ឈ្មោះថា Helene នៅភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក បានបន្តកើនដល់យ៉ាងហោចណាស់១៣០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១ ខែតុលា ឆ្នាំ២០២៤។
យោងតាមសេចក្តីរាយការណ៍របស់ AFP ដែលផ្អែកលើតួលេខបានមកពីអាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ មនុស្សកើនដល់ចំនួនយ៉ាងហោច១៣០នាក់ បានស្លាប់នៅក្នុងរដ្ឋចំនួន៦ ដោយសារព្យុះ Helene ព្រមទាំងគ្រោះទឹកជំនន់ ដែលវាបង្កឡើង។ ក្នុងចំណោមនោះ រដ្ឋ North Carolina បានរងគ្រោះខ្លាំងជាងគេ ដោយមានអ្នកស្លាប់រហូតដល់៥៧នាក់ បន្ទាប់មករដ្ឋ South Carolina មាន២៩នាក់, រដ្ឋ Georgia មាន២៥នាក់, រដ្ឋ Florida មាន១៤នាក់, រដ្ឋ Tennessee មាន៤នាក់ និងរដ្ឋ Virginia មាន១នាក់។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងធ្វើដំណើរចុះទៅដល់រដ្ឋ North Carolina ដើម្បីពិនិត្យមើលកិច្ចប្រឹងប្រែងជួយសង្រ្គោះដោយផ្ទាល់ នាថ្ងៃពុធសប្តាហ៍នេះ។
គួរបញ្ជាក់ថា ព្យុះ Helene បានបោកបក់មកដល់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ចំតំបន់ Big Bend នៃរដ្ឋ Florida ក្នុងទម្រង់ជាព្យុះហឺរីខិនកម្រិតទី៤ ដែលមានកម្លាំងខ្យល់បក់យ៉ាងខ្លាំងក្លា គឺ២២៥គីឡូម៉ែត្រក្នុង១ម៉ោង។ ទោះក្រោយមក ព្យុះនេះបានថយចុះថាមពល មកនៅត្រឹមជា ព្យុះត្រូពិកក៏ដោយ វាបានបន្សល់ទុក ការបំផ្លិចបំផ្លាញហិនហោច និងការជន់លិចយ៉ាងធ្ងន់ធ្ងរ នៅតាមកន្លែងដែលវាបានបោកបក់កាត់។ មិនតែប៉ុណ្ណោះ វាក៏បានបង្កឱ្យមានការដាច់ចរន្តអគ្គិសនី និងសេវាទាក់ទង នៅពេសពេញបណ្តារដ្ឋដែលរងគ្រោះ ផងដែរ៕