(ប៉េកាំង)៖ កាលពីថ្ងៃទី ២៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ សកម្មភាពពិសេសដើម្បីអបអរសាទរខួបទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនឈ្មោះ «សំបុត្រផ្ញើតាមពពក៖រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន» ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើដោយជោគជ័យនៅក្រុង Ottawa ប្រទេសកាណាដា ។ លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ ភ្ញៀវកិត្តិយសចំនួនជាង ៥០០ រូបដែលជាតំណាងមកពីមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្ម បញ្ញវន្តនិងប្រព័ន្ធសារព័ត៌មាន បានអញ្ជើញចូលរួមសកម្មភាពនេះ។

លោក Shen Haixiong បានថ្លែងថា សកម្មភាពនេះពោរពេញដោយមនោសញ្ចេតនាខាងវប្បធម៌មនុស្សជាតិ ខាងស្មារតីនិងភាពល្អផូរផង់នៃវប្បធម៌របស់ចិន។ ក្នុងឱកាសខួបទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាប់ដំណើរការសកម្មភាពនេះ ដើម្បីទទួលយកសំបុត្រពីទូទាំងពិភពលោក ក្នុងនោះ មានមិត្តភក្តិដែលមកពីប្រទេសជាង ៦០ បានផ្ញើសំបុត្រសរុបជាង ១៦០០ ច្បាប់ដើម្បីរៀបរាប់ពីរឿងរ៉ាវរបស់ពួកគេ ជាមួយប្រទេសចិនតាមរយៈភាសាខុសៗគ្នា។ យើងនឹងចាត់ទុកការបង្កើនការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិអន្តរជាតិ ជំរុញកិច្ចសន្ទនាអំពីអរិយធម៌សកល និងជំរុញការតភ្ជាប់ដួងចិត្តប្រជាជនជាភារកិច្ចរបស់ខ្លួន ដើម្បីពួតដៃគ្នាឆ្ពោះទៅមុខ និងចារទំព័រប្រវត្តិសាស្ត្រដ៏អស្ចារ្យលើមាគ៌ា ជំរុញការកសាងសហគមន៍រួមជោគវាសនានៃមនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន