(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារនេះបានបង្ហាញក្តីបារម្ភអំពីស្ថានការណ៍អំពើហិង្សាកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា ដោយព្រមានថា «ការឈ្លានពានតាមផ្លូវគោកទ្រង់ទ្រាយធំ» ដោយអ៊ីស្រាអែលចូលទៅក្នុងប្រទេសលីបង់អាចនាំទៅរកវិបត្តិមនុស្សធម៌ និងសិទ្ធិមនុស្សធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោកស្រី Liz Throssell អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវយ៉ាងដូច្នេះថា «យើងព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃអំពើហិង្សានៅមជ្ឈិមបូព៌ា ដែលអាចនាំទៅរកវិបត្តិមនុស្សធម៌ និងសិទ្ធិមនុស្សធ្ងន់ធ្ងរ»។
អ្នកនាំពាក្យរូបនេះបានព្រមានថា ស្ថានការណ៍អាចកាន់តែអាក្រក់ទៅៗ ដោយបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងអាចពង្រីករហ័ស ដោយទាញរដ្ឋជិតខាងឱ្យចូលរួមក្នុងជម្លោះ។
លោកស្រី Throssell បានបន្ថែមថា «ជាមួយនឹងអំពើហឹង្សាប្រដាប់អាវុធរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា កាន់តែពុះកញ្ជ្រោល ផលវិបាកសម្រាប់ជនស៊ីវិលគឺអាក្រក់រួចទៅហើយ ហើយយើងខ្លាចការឈ្លានពានដីទ្រង់ទ្រាយធំដោយអ៊ីស្រាអែល ចូលទៅក្នុងប្រទេសលីបង់ នឹងនាំឱ្យមានការរងទុក្ខកាន់តែច្រើន»។
គួរបញ្ជា់ថា ការព្រមាននេះធ្វើឡើងបន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេសបូឡានៅក្នុងប្រទេសលីបង់ បន្ទាប់ពីការវាយប្រហារតាមអាកាសរយៈពេលមួយសប្តាហ៍ដោយអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សជាង ១០០០ នាក់ និងបង្ខំឱ្យមនុស្សរហូតដល់មួយលាននាក់ត្រូវភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ៕