(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រ ទី៤ ខែតុលា បាននិយាយថាលោកមិនប្រាកដនោះទេថាការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា ខាងមុខ នឹងប្រព្រឹត្តទៅដោយសន្តិវិធី ប្រសិនបើលោក ដូណាល់ ត្រាំ ចាញ់ក្នុងការបោះឆ្នោតនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលនៅឯសាលសន្និសីទសារព័ត៌មានរបស់សេតវិមាន ជាលើកដំបូងចាប់ឡើងកាន់អំណាចមក លោក បៃដិនត្រូវបានសាកសួរថាតើរូបលោក មានទំនុកចិត្តដែរឬទេថាការបោះឆ្នោតនឹងមានភាពសេរី យុត្តិធម៌ និងសន្តិវិធី? ឆ្លើយតបទៅនឹងសំណួរនេះ លោក បៃដិនបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំប្រាកដណាស់ថា ការបោះឆ្នោតនឹងមានភាពសេរី និងយុត្តិធម៌...ប៉ុន្តែខ្ញុំមិនដឹងនោះទេថាវានឹងប្រព្រឹត្តទៅដោយសន្តិវិធីឬក៏អត់?»។
គួរបញ្ជាក់ថា បើតាមលោក ចូ បៃដិន ពាក្យសម្ដីដែលលោក ដូណាល់ ត្រាំ បាននិយាយថ្មីៗនេះ និងពាក្យសម្ដីដែលបេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធាណរដ្ឋ រូបនេះបាននិយាយចុងក្រោយបំផុតថារូបលោកមិនពេញចិត្តនឹងលទ្ធផលបោះឆ្នោត គឺជារឿងគ្រោះថ្នាក់បំផុត។ លោក បៃដិនបន្ថែមថាលើសពីនេះទៅទៀត អំឡុងវេទិកា តស៊ូមតិរបស់បេក្ខជនអនុប្រធានាធិបតីកាលពីពេលថ្មីនេះ លោក JD Vance ដែលជាបេក្ខជនអនុប្រធានាធិបតីរបស់លោក ត្រាំ ក៏មិនបាននិយាយនោះដែរថាតើរូបលោក នឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ឬដែរក៏យ៉ាងណា៕