(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែលបានអះអាងថាកងកម្លាំងរបស់ខ្លួន បានសម្លាប់ក្រុមអ្នកប្រយុទ្ធហេសបូឡា ២៥០នាក់ ចាប់តាំងពីបានបើកប្រតិបត្តិការវាយលុកថ្មើរជើង ចូលភាគខាងត្បូងនៃប្រទេសលីបង់ កាលពីដើមខែតុលានេះមក។ នេះបើតាមអ្នកនាំពាក្យយោធាអ៉ីស្រាអែល ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Nadav Shoshani បានឱ្យដឹងកាលពីថ្ងៃសុក្រ ទី៤ ខែតុលាថាយោធាអ៉ីស្រាអែលកំពុងបន្តវាយតម្លៃពីការខូចខាតបង្កឡើងដោយ ការវាយប្រហារតាមផ្លូវអាកាសលើភាគខាងត្បូងនៃរដ្ឋធានីបេរូត កាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលលោកបញ្ជាក់ថាមានគោលដៅលើទីស្នាក់ការចារកម្មរបស់ក្រុមហេសបូឡា។
ក៏ប៉ុន្តែ ខាងហេសបូឡាមិនទាន់បានផ្ដល់ព័ត៌មានអ្វីលម្អិតពាក់ព័ន្ធនឹងចំនួនអ្នកស្លាប់ក្នុងចំណោមសមាជិករបស់ខ្លួននោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារកន្លងទៅនេះ អីស្រាអែលបានប្រកាសពីការបើកប្រតិបត្តិការយោធាតាមផ្លូវគោកចូលប្រទេសលីបង់ ប៉ុន្តែក្នុងដំណាក់កាលដំបូង យោធាអ៉ីស្រាអែល និយាយថា កងកម្លាំងរបស់ខ្លួន បានចាប់ផ្តើមប្រតិបត្តិការវាយឆ្មក់ក្នុងទ្រង់ទ្រាយតូចៗ និងមានដែនកំណត់ ប្រឆាំងគោលដៅក្រុមហេសបូឡា ដែលស្ថិតនៅតំបន់ព្រំប្រទល់។
ភាពតានតឹងរវាងអ៉ីស្រាអែល និងហេសបូឡា បានហក់ឡើងយ៉ាងគំហុក អំឡុងរយៈពេល ២សប្តាហ៍ចុងក្រោយ នៅពេលដែលអ៉ីស្រាអែលជាប់សង្ស័យថា ជាអ្នកនៅពីក្រោយ ការបំផ្ទុះឧបករណ៍ទាក់ទងរាប់ពាន់គ្រឿង របស់ក្រុមហេសបូឡា ហើយក្រោយមក បានបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសឥតសំចៃដៃ នៅលីបង់។ ការទម្លាក់គ្រាប់បែក របស់អ៉ីស្រាអែល បានផ្តាច់ជីវិតមេបញ្ជាការហេសបូឡាជាច្រើននាក់ ហើយកាលពីថ្ងៃសុក្រសប្តាហ៍មុន ក៏បានសម្លាប់មេដឹកនាំហេសបូឡាតែម្តង គឺលោក Hassan Nasrallah៕