(អូតាវ៉ា)៖ នាយករដ្ឋមន្រ្តី លោក Justin Trudeau បានជំរុញឱ្យពលរដ្ឋកាណាដាដែលបន្តស្ថិតក្នុងប្រទេសលីបង់នៅឡើយ ឱ្យចុះឈ្មោះស្នើសុំការជម្លៀសតាមជើងហោះហើរពិសេស ដែលកន្លងមកបានជួយមនុស្សជាង ១,០០០នាក់ឱ្យចាកចេញរួចហើយ ខណៈស្ថានការណ៍សន្តិសុខនៅទីនោះកាន់តែយ៉ាប់យ៉ឺន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ ២០២៤។
កាណាដា មានអ្នកចុះឈ្មោះស្នើសុំជម្លៀសពីលីបង់ចំនួន ៦,០០០នាក់ ហើយក្រុមមន្ត្រីកំពុងព្យាយាមជួយឱ្យបាន ២,៥០០នាក់ទៀតនៅចុងសប្តាហ៍នេះ។ មន្ត្រីម្នាក់នៃការិយាល័យរបស់ លោក Trudeau បាននិយាយថា ជើងហោះហើរច្រើនទៀត កំពុងត្រូវបានដាក់បន្ថែម សម្រាប់ថ្ងៃចន្ទ និងថ្ងៃអង្គារ។
នៅក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំប្រទេសនិយាយភាសាបារាំង លោក Trudeau គូសបញ្ជាក់ថា «យើងនៅតែមានកន្លែងសម្រាប់ជើងហោះហើរដែលរៀបចំដោយកាណាដា។ យើងលើកទឹកចិត្តជនជាតិកាណាដាទាំងអស់ឱ្យចាកចេញពីលីបង់ ខណៈដែលនៅអាចចាកចេញបាន»។
គួរបញ្ជាក់ថា អ៉ីស្រាអែលបានពង្រីកការវាយប្រហាររបស់ខ្លួន លើប្រទេេលីបង់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីជិតមួយឆ្នាំនៃការបាញ់ផ្លោងដាក់គ្នាជាមួយចលនាប្រដាប់អាវុធហេសបូឡា គាំទ្រដោយអ៉ីរ៉ង៕