(ឌូបៃ)៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates របស់ទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានហាមឃាត់អ្នកដំណើរ មិនឱ្យយកម៉ាស៉ីនផ្ញើសារ pagers និងអាយកូម walkie-talkies មកតាមជើងហោះហើររបស់ខ្លួនឡើយ បន្ទាប់ពីការវាយប្រហារលើក្រុមហេសបូឡា នៅលីបង់ កាលពីខែមុន មានពាក់ព័ន្ធនឹងការផ្ទុះឧបករណ៍ប្រភេទនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ ២០២៤។
ក្រុមហ៊ុនបានចេញសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃសុក្រសប្តាហ៍នេះថា «អ្នកដំណើរទាំងអស់ ដែលទៅ និងមកពីទីក្រុងឌូបៃ មិនអាចយកម៉ាស៉ីនផ្ញើសារ pagers ក៏ដូចជាអាយកូម walkie-talkies មកតាមខ្លួន ឬទុកក្នុងវ៉ាលីនោះទេ។ វត្ថុហាមឃាត់ណាដែលត្រូវបានរកឃើញ នឹងត្រូវរឹបអូសដោយប៉ូលិសក្រុងឌូបៃ ជាផ្នែកមួយនៃការបង្កើនវិធានការសន្តិសុខ»។
ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេនៅមជ្ឈិមបូព៌ាមួយនេះ ក៏បានប្រកាសផ្អាកជើងហោះហើរ ទៅប្រទេសអ៉ីរ៉ាក់ និងអ៉ីរ៉ង់ រហូតដល់ថ្ងៃអង្គារផងដែរ ខណៈសេវាកម្មទៅកាន់ប្រទេសហ៊្សកដានី នឹងបន្តឡើងវិញនៅថ្ងៃអាទិត្យ។ រីឯ ជើងហោះហើរទៅលីបង់ នៅតែផ្អាករហូតដល់ថ្ងៃទី១៥ ខែតុលា ដោយសារតែការកើនឡើងនៃការវាយប្រហាររបស់អ៉ីស្រាអែលប្រឆាំងក្រុមហេសបូឡា គាំទ្រដោយអ៉ីរ៉ង់ រួមទាំងការវាយប្រហារក្បែរអាកាសយានដ្ឋាន របស់ទីក្រុងបេរូត៕