(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេអាមេរិក លោក Matthew Miller បានបញ្ជាក់ថា ពលរដ្ឋម្នាក់ដែលស្លាប់ក្នុងការវាយប្រហារនៅឯប្រទេសលីបង់ នៅក្នុងសប្តាហ៍នេះ គឺពិតជាជនជាតិអាមេរិក ហើយទីក្រុងវ៉ាស៉ីនតោន កំពុងធ្វើការដើម្បីស្វែងយល់ពីឧប្បត្តិហេតុដែលបានកើតឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ ២០២៤។

ដំបូងឡើយ ទីក្រុងវ៉ាស៉ីនតោនថា លោក Kamel Ahmad Jawad គឺជាអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ តែមិនមែនជាពលរដ្ឋអាមេរិកទេ។ ប៉ុន្តែ ក្រោយមកក្រសួងការបរទេស ប្រកាសថា លោក Jawad គឺពិតជាពលរដ្ឋអាមេរិកប្រាកដមែន។ តាមកូនស្រី និងអ្នកតំណាងរាស្រ្តប្រចាំស្រុក លោក Jawad មកពីទីក្រុង Dearborn នៃរដ្ឋ Michigan ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែលនៅលីបង់។

លោក Miller បានឱ្យដឹងទៀតថា «ដូចដែលយើងបានកត់សម្គាល់ម្តងហើយម្តងទៀត វាមានភាពចាំបាច់ខាងសីលធម៌ និងជាយុទ្ធសាស្ត្រ ដែលអ៉ីស្រាអែលត្រូវតែប្រុងប្រយ័ត្នដើម្បីកាត់បន្ថយគ្រោះថ្នាក់ចំពោះជនស៉ីវិល។ ការ​បាត់​បង់​ជីវិត​ជន​ស៉ីវិល គឺជា​សោកនាដកម្ម»។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលលីបង់ បានឱ្យដឹងថា ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡា បានកើនឡើងកាន់ខ្លាំង នៅភាគខាងត្បូងលីបង់ ខណៈដែលការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល ក៏បានធ្វើឱ្យប្រជាជនលីបង់ជាង ១.២លាននាក់ចេញពីផ្ទះរបស់ពួកគេ៕