(ប៉ារីស)៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែតុលា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានទទូចឱ្យប្រទេសនានាបញ្ឈប់ ការផ្គត់ផ្គង់សព្វាវុធទៅកាន់ប្រទេសអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក ម៉ាក្រុង បាននិយាយដូច្នេះថា «ខ្ញុំយល់ថាសព្វថ្ងៃនេះ អាទិភាពចម្បងគឺ ពួកយើងត្រូវវិលត្រឡប់ទៅរកដំណោះស្រាយ តាមច្រកនយោបាយវិញ ហើយពួកយើងឈប់ផ្គត់ផ្គង់អាវុធ ដែលប្រើប្រាស់ក្នុងសង្រ្គាមនៅហ្កាហ្សា។ ឥឡូវនេះ បារាំងពុំបានផ្តល់សព្វាវុធណាមួយឡើយ»។ លោកប្រធានាធិបតីបារាំង បានបន្ថែមទៀត ការបញ្ចៀសកុំឱ្យជម្លោះកាន់តែធ្ងន់នៅលីបង់ ក៏ជាអាទិភាពផងដែរ ដោយមិនត្រូវបណ្តោយឱ្យប្រទេសលីបង់ ក្លាយជាតំបន់ហ្កាហ្សាថ្មី ឡើយ។
សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរឹងមាំបំផុតរបស់អ៉ីស្រាអែល ផ្គត់ផ្គង់សព្វាវុធឱ្យអ៉ីស្រាអែល ក្នុងមួយឆ្នាំៗ គិតជាទឹកប្រាក់ស្មើ៣ពាន់លានដុល្លារ។ កាលពីខែឧសភា ក្រសួងការបរទេសអាមេរិក បាននិយាយថា ខ្លួនមិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ឈប់ការបញ្ជូនអាវុធឱ្យអ៉ីស្រាអែលឡើយ ទោះវាយតម្លៃថា អ៉ីស្រាអែលប្រហែលបានប្រើប្រាស់អាវុធ ក្នុងរបៀបដែលមិនស្របទៅតាម ស្តង់ដារច្បាប់មនុស្សធម៌អន្តរជាតិក្តី។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ អ៉ីស្រាអែល នឹងរំលឹកខួប១ឆ្នាំគត់ នៃការវាយប្រហារទ្រង់ទ្រាយធំ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ របស់ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបានបង្កទៅជាសង្រ្គាមនៅហ្កាហ្សា ហើយនាពេលនេះ ជម្លោះបានរាលដាលដល់ប្រទេសលីបង់ ដែលនៅក្បែរខាងថែមទៀត ជាហេតុបណ្តាលឱ្យមានការភ័យព្រួយកាន់តែខ្លាំងឡើងៗ អំពីសង្រ្គាមទ្រង់ទ្រាយធំ នៅទូទាំងតំបន់មជ្ឈិមបូព៌ា៕