(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែតុលា យោធាអ៉ីស្រាអែល បាននិយាយថា កងកម្លាំងរបស់ខ្លួន បានផ្តាច់ជីវិតអ្នកប្រយុទ្ធ កើនដល់ជាង៤០០នាក់ហើយ របស់ក្រុមហេសបូឡា គិតចាប់តាំងពីអ៉ីស្រាអែល បានបើកប្រតិបត្តិការវាយលុកតាមផ្លូវគោក ចូលភាគខាងត្បូងប្រទេសលីបង់ កាលពីដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Daniel Hagari បាននិយាយដូច្នេះថា «គិតចាប់តាំងពីការបើកប្រតិបត្តិការតាមផ្លូវគោក កងកម្លាំងរបស់យើង បានកម្ចាត់ពួកភេរវករ (សំដៅលើអ្នកប្រយុទ្ធក្រុមហេសបូឡា) ប្រមាណ៤៤០នាក់ តាមមធ្យោបាយផ្លូវអាកាស និងផ្លូវគោក ហើយក្នុងចំណោមនោះ រួមមានមេបញ្ជាការហេសបូឡា ចំនួន៣០នាក់ ដែលឋានៈចម្រុះផ្សេងៗគ្នា។
កាលពីថ្ងៃអង្គារ ទី១ ខែតុលា អីស្រាអែលបានប្រកាសពី ការបើកប្រតិបត្តិការយោធាតាមផ្លូវគោកចូលប្រទេសលីបង់ ប៉ុន្តែក្នុងដំណាក់កាលដំបូង យោធាអ៉ីស្រាអែល និយាយថា កងកម្លាំងរបស់ខ្លួន បានចាប់ផ្តើមប្រតិបត្តិការវាយឆ្មក់ ក្នុងទ្រង់ទ្រាយតូចៗ និងមានដែនកំណត់ ប្រឆាំងគោលដៅក្រុមហេសបូឡា ដែលស្ថិតនៅតំបន់ព្រំប្រទល់។
គួរបញ្ជាក់ថា ភាពតានតឹងរវាងអ៉ីស្រាអែល និងហេសបូឡា បានហក់ឡើងយ៉ាងគំហុក អំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នៅពេលដែលអ៉ីស្រាអែលជាប់សង្ស័យថា ជាអ្នកនៅពីក្រោយ ការបំផ្ទុះឧបករណ៍ទាក់ទងរាប់ពាន់គ្រឿង របស់ក្រុមហេសបូឡា ហើយក្រោយមក បានបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសឥតសំចៃដៃ នៅលីបង់។ ការទម្លាក់គ្រាប់បែក របស់អ៉ីស្រាអែល បានផ្តាច់ជីវិតមេបញ្ជាការហេសបូឡាបន្តបន្ទាប់ជាច្រើននាក់ ហើយកាលពីថ្ងៃសុក្រសប្តាហ៍មុន ក៏បានសម្លាប់មេដឹកនាំហេសបូឡាតែម្តង គឺលោក Hassan Nasrallah៕