(តៃប៉ិ)៖ អតីតមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen នឹងធ្វើទស្សនកិច្ចទៅកាន់សាធារណរដ្ឋឆែក នៅក្នុងខែតុលានេះដែលជាដំណើរទស្សនកិច្ចដ៏រសើបមួយ សម្រាប់អ្នកនយោបាយជាន់ខ្ពស់របស់តៃវ៉ាន់ដែលចិនចាត់ទុកថាជាជនឧទ្ទាមផ្ដាច់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពពីមន្ត្រី៣នាក់ ដែលបានដឹងពីដំណើរទស្សនកិច្ចរបស់លោកស្រី Tsai Ing-wen ក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះ បានឱ្យដឹងទៀតថាអតីតមេដឹកនាំតៃវ៉ាន់រូបនេះដែលបានចុះចេញពីតំណែងកាលពីខែឧសភាកន្លងទៅ នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប្រាក (Prague) ហើយនឹងត្រូវថ្លែងសុន្ទរកថាមួយទៅកាន់វេទិកា Forum 2000 ដែលនឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី១៣ ខែតុលា។ អំឡុងស្នាក់នៅក្នុងសាធារណរដ្ឋឆែក លោកស្រី Tsai នឹងត្រូវជួបជាមួយមន្ត្រីជាន់ខ្ពស់ឆែក និងអ្នកនយោបាយអឺរ៉ុបផងដែរ។
គួរបញ្ជាក់ថា សាធារណរដ្ឋឆែក ក៏ដូចទៅនឹងបណ្ដាប្រទេសភាគច្រើនដែរ គឺមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់នោះទេ ប៉ុន្តែភាគីទាំង២ បានពង្រឹង ទំនាក់ទំនងកាន់តែជិតស្និទ្ធ ខណៈទីក្រុងប៉េកាំងដំឡើងសាច់ដុំយោធាដាក់តៃវ៉ាន់ រីឯតៃវ៉ាន់កំពុងព្យាយាមស្វែងរកមិត្តថ្មីៗនៅតំបន់អឺរ៉ុបខាងកើត និងអ៉ឺរ៉ុបកណ្ដាល៕