(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអាទិត្យ ទី៦ ខែតុលា បានបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តឥតងាករេរបស់បារាំង ចំពោះសន្តិសុខអ៉ីស្រាអែល នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ខណៈនៅតែទទូចដដែលឱ្យមាន បទឈប់បាញ់នៅហ្កាហ្សា និងលីបង់។ នេះបើតាមវិមានប្រធានាធិបតីបារាំង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន វិមានប្រធានាធិបតីបារាំង បានគូសបញ្ជាក់ដូច្នេះថា «នាឱកាសនៃខួបមួយឆ្នាំនៃការវាយប្រហាររបស់ក្រុមភេរវករហាម៉ាសប្រឆាំង នឹងអ៉ីស្រាអែល លោកប្រធានាធិបតី (Macron) បានបង្ហាញពីសាមគ្គីភាពរបស់ប្រជាជនបារាំងជាមួយប្រជាជនអ៉ីស្រាអែល»។ លោក Macron ក៏បានបង្ហាញ ផងដែរថាឥលូវគឺជាពេលត្រូវសម្រេចបានឱ្យនូវបទឈប់បាញ់។
តាមវិមានប្រធានាធិបតីបារាំង លោក Macron និងលោក Netanyahu បានពិភាក្សាគ្នាពីស្ថានការណ៍នៅក្នុងតំបន់មជ្ឈិមបូព៌ា និងបង្ហាញការគោរពដល់ ទំនាក់ទំនងមិត្តភាពរវាងបារាំង និងអ៉ីស្រាអែល ហើយទទួលយកការខ្វែងគំនិតគ្នា ព្រមទាំងមានឆន្ទះស្វែងយល់ពីគ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោក Macron បានធ្វើឱ្យលោក Netanyahu ក្ដៅស្លឹកត្រចៀក ក្រោយប្រធានាធិបតីបារាំងរូបនេះជំរុញឱ្យមាន ការបញ្ឈប់បញ្ជូនអាវុធទៅឱ្យអ៉ីស្រាអែល ប្រើប្រាស់ក្នុងសង្រ្គាមប្រឆាំងក្រុមហាម៉ាសនៅហ្កាហ្សា។ អ៉ីស្រាអែល កំពុងប្រយុទ្ធក្នុងសមរភូមិជាមួយហាម៉ាសផង និងជាមួយក្រុមហេសបូឡា នៅលីបង់ផង ហើយក៏កំពុងត្រៀមលក្ខណៈសងសឹកអ៉ីរ៉ង់ផងដែរ សម្រាប់ការបាញ់មីស៊ីលជិត ២០០គ្រាប់លើអ៉ីស្រាអែល កាលពីថ្ងៃអង្គារសប្ដាហ៍មុន៕