(អ៉ីស្លាម៉ាបាដ)៖ ជនជាតិចិនពីរនាក់ ត្រូវបានសម្លាប់នៅក្នុងការផ្ទុះមួយ ក្បែរអាកាសយានដ្ឋានទីក្រុង Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដោយក្រសួងការបរទេសចិនប្រចាំនៅទីនោះ ចាត់ទុកថាវាជាការវាយប្រហារភេរវកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ ២០២៤។
ក្នុងសារអ៉ីម៉ែលមួយមកកាន់អ្នកកាសែត កងទ័ពបំបែកខ្លួន Baloch Liberation Army (BLA) នៅប៉ាគីស្ថានបាននិយាយថា ពួកគេគឺជាអ្នកបំផ្ទុះ ដោយបង្កប់គ្រឿងផ្ទុះក្នុងរថយន្ត សំដៅទៅលើជនជាតិចិន រួមទាំងក្រុមវិស្វករ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ស្ថានទូតចិនប្រចាំប៉ាគីស្ថាន បានឱ្យដឹងថា ក្បួនរថយន្តមកពីក្រុមហ៊ុនថាមពលអគ្គិសនី Port Qasim បានរងនូវការវាយប្រហារ ក្បែរព្រលានយន្តហោះ។ ស្ថានទូត និងអគ្គកុងស៊ុលចិនប្រចាំប៉ាគីស្ថាន សូមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្ម។ ចិន ក៏កំពុងធ្វើការជាមួយអាជ្ញាធរប៉ាគីស្ថាន ជុំវិញឧប្បត្តិហេតុនេះ។
គួរបញ្ជាក់ថា ជាយូមកហើយ BLA បានស្វែងការគ្រប់គ្រងដោយឯករាជ្យក្នុងខេត្ត Balochistan ដែលមានទីតាំងនៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន ហើយមានព្រំប្រទល់ជាប់អាហ្វហ្គានីស្ថាន និងអ៉ីរ៉ង់។ BLA ផ្តោតជាពិសេសលើផលប្រយោជន៍ចិន ជាពិសេសកំពង់ផែយុទ្ធសាស្ត្រ Gwadar នៅសមុទ្រអារ៉ាប់ ដោយចោទប្រកាន់ក្រុងប៉េកាំង ថាបានជួយទីក្រុងដល់ទីក្រុងអ៉ីស្លាម៉ាបាដ កេងចំណេងលើខេត្តដែលខ្លួនចង់គ្រប់គ្រងនេះ។ កន្លងមក ក្រុមនេះបានសម្លាប់ពលរដ្ឋចិនដែលមកធ្វើការក្នុងតំបន់ ក៏ដូចជាធ្វើការវាយប្រហារស្ថានកុងស៊ុលចិន នៅទីក្រុង Karachi ផងដែរ៕