(ហ៊្សេរុយសាឡិម)៖ ប៉ូលិសអ៉ីស្រាអែល បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា គ្រាប់រ៉ុក្កែតរបស់ក្រុមហេសបូឡា បានវាយប្រហារទីក្រុង Haifa ដែលជាទីក្រុងធំទី ៣របស់អ៉ីស្រាអែល ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា មានមនុស្ស ១០នាក់របួស នៅក្នុងតំបន់ភាគខាងជើងមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ ២០២៤។
ហេសបូឡានិយាយថា ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានយោធាមួយ នៅភាគខាងត្បូងទីក្រុង Haifa ជាមួយនិងមីស៉ីល Fadi 1។ តាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រ៉ុក្កែត ២គ្រាប់បានវាយប្រហារទីក្រុង Haifa ដែលស្ថិតនៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេ របស់អ៉ីស្រាអែល រីឯ ៥គ្រាប់ទៀតវាយប្រហារទីក្រុង Tiberias ដែលនៅចម្ងាយ ៦៥គីឡូម៉ែត្រ។ រូបភាពពីកាមេរ៉ាសុវត្ថិភាពបង្ហាញឱ្យឃើញ រ៉ុក្កែតមួយគ្រាប់ធ្លាក់ចំទីក្រុង Haifa។ ប៉ូលិសនិយាយថា អគារ និងទ្រព្យសម្បត្តិមួយចំនួនត្រូវរងការខូចខាត ហើយមានរបាយការណ៍ច្រើនពីអ្នករបួសស្រាល ខណៈដែលភាគច្រើននៃពួកគេ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្នុងតំបន់។
គួរបញ្ជាក់ថា ប៉ុន្មានម៉ោងចុងក្រោយនេះ អ៉ីស្រាអែលបានអះអាងថា ការវាយប្រហារតាមអាកាសរបស់ខ្លួននៅលីបង់ ដែលកំណត់គោលដៅលើក្រុមហេសបូឡា បានធ្វើឱ្យខូចខាតឃ្លាំងស្តុកអាវុធ នៅក្នុងទីក្រុងបេរូត។ ស្របពេលដែលមានការអំពាវនាវជាអន្តរជាតិ សម្រាប់បទឈប់បាញ់មួយ ការវាយប្រយុទ្ធគ្នារវាងកងកម្លាំងអ៉ីស្រាអែល និងចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មួយនេះ ហាក់មិនបានថមថយនោះទេ៕