(កៀវ)៖ ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងកៀវ រដ្ឋមន្រ្តីការពារជាតិហូឡង់ លោក Ruben Brekelmans បាននិយាយកាលពីថ្ងៃអាទិត្យ ទី៦ ខែតុលាថា ប្រទេសរបស់លោក នឹងវិនិយោគថវិកា ៤០០លានអឺរ៉ូ (៤៤០លានដុល្លារ) ទៅក្នុងផែនការអភិវឌ្ឍន៍ដ្រូនទំនើបៗ ជាមួយអ៊ុយក្រែន ហើយនឹងផ្តល់យន្តហោះចម្បាំង F-16 បន្ថែមទៀត ក្នុងពេលប៉ុន្មានខែខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Brekelmans បាននិយាយដូច្នេះថា «ពួកយើងនឹងផ្តោតលើដ្រូនប្រភេទខុសៗគ្នា ដូចជាដ្រូនស៉ើបការណ៍ ដ្រូនសម្រាប់ទប់ទល់ការពារ ព្រមទាំងដ្រូនសម្រាប់វាយប្រហារ ដោយសារយើងមើលឃើញថា អ៊ុយក្រែនត្រូវការជាចាំបាច់ នូវដ្រូនវាយប្រហារទាំងនោះ ដើម្បីកំណត់គោលដៅលើ មូលដ្ឋានយោធារុស្ស៉ី»។
ហូឡង់បានចូលរួមចំណែក ក្នុងកិច្ចប្រឹងប្រែងការពារដែនអាកាសរបស់អ៊ុយក្រែន តាមរយៈការខ្នះខ្នែងជំរុញបណ្តាដៃគូអន្តរជាតិ ឱ្យផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន ហើយខ្លួនឯងផ្ទាល់ បានសន្យាផ្តល់យន្តហោះនោះ ចំនួន២៤គ្រឿង។ បើតាមលោក Brekelmans F-16 ប៉ុន្មានគ្រឿងដំបូង ដែលផ្តល់ឱ្យពីហូឡង់ គឺកំពុងធ្វើប្រតិបត្តិការរួចជាស្រេច នៅលើដែនអាកាសអ៊ុយក្រែន។
គួរបញ្ជាក់ថា អំឡុងសង្រ្គាមឈ្លានពាន រយៈពេលជាង២ឆ្នាំកន្លះរបស់រុស្ស៉ី នៅអ៊ុយក្រែន ហូឡង់បានប្តេជ្ញាផ្តល់ការគាំទ្រផ្នែកយោធា គិតជាទឹកប្រាក់សរុបស្មើនឹងខ្ទង់១០ពាន់លានអឺរ៉ូ ដល់ទីក្រុងកៀវ ហើយក្នុងចំណោម ៤ពាន់លានអឺរ៉ូ ត្រូវបានប្រើប្រាស់រួច៕