(ហ្ស៊េរុយសាឡិម)៖ ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ ទី៧ ខែតុលា បានអះអាងថាពួកគេបានបាញ់មីស៊ីល២គ្រាប់ សំដៅទៅរក ទីក្រុង Jaffa ស្ថិតនៅភាគកណ្ដាលប្រទេសអ៉ីស្រាអែល ខណៈអ៉ីស្រាអែលថាបានស្ទាក់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមយោធាអ៉ីស្រាអែល មីស៊ីលប្រភេទ surface-to-surface បានបង្កឱ្យស្នូរស៊ីរ៉ែនប្រកាសអាសន្នបន្លឺសំឡេងឡើងនៅទូទាំងភាគកណ្ដាលប្រទេសអ៉ីស្រាអែល ដោយជំរុញឱ្យមនុស្សម្នារត់រកកន្លែងលាក់ខ្លួន។ «នៅបន្ទាប់ពីស៊ីរ៉ែនប្រកាសអាសន្នបន្លឺសំឡេងឡើងនៅតាមទីតាំងជាច្រើនក្នុងតំបន់ភាគកណ្ដាលអ៉ីស្រាអែល មីស៊ីល surface-to-surface មួយគ្រាប់ ដែលត្រូវបានបាញ់ចេញពីយេម៉ែនត្រូវបានស្ទាក់បំផ្លាញដោយជោគជ័យដោយកងទ័ពអាកាសអ៉ីស្រាអែល»។ នេះជាការបញ្ជាក់របស់ យោធាអ៉ីស្រាអែលក្នុងសេចក្ដីថ្លែងការណ៍មួយ ដោយមិនបាននិយាយថាតើនរណាជាអ្នកបាញ់មីស៊ីលនេះនោះទេ។
ក៏ប៉ុន្តែ ក្រុមហ៊ូទីបានអះអាងថាមីស៊ីលមួយគ្រាប់របស់ខ្លួនមានឈ្មោះថា Palestine 2 បានហោះទៅដល់គោលដៅ ខណៈមីស៊ីលគ្រាប់ទី២ មានឈ្មោះ Dhu al-Fiqar តែមិនបានបញ្ជាក់ថាតើមីស៊ីលនេះទៅដល់គោលដៅឬក៏អត់នោះទេ៕