(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី៩ ខែតុលានេះបានរាយការណ៍ថាកូរ៉េខាងជើងបានតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មី តែមិនបានលើកឡើង ពីការចាត់វិធានការណាមួយដើម្បីពង្រឹងគោលជំហរប្រឆាំងនឹងកូរ៉េខាងត្បូងនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បើតាម KCNA លោក No Kwang Chol ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិថ្មី ឱ្យឡើងកាន់តំណែងជំនួសលោក Kang Sun Nam នៅឯសម័យប្រជុំដ៏សំខាន់មួយនៃ សភាកូរ៉េខាងជើង។ លោក No Kwang Chol ធ្លាប់បានចូលរួមនៅក្នុងគណៈប្រតិភូរបស់លោក គីម ជុងអ៊ុន អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរីកាលពីឆ្នាំ ២០១៨ និងវៀតណាម នៅឆ្នាំ២០១៩ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
គួរបញ្ជាក់ថា កូរ៉េខាងជើង ត្រូវបានរំពឹងថានឹងលុបចោលកិច្ចព្រមព្រៀងអន្តរកូរ៉េដ៏សំខាន់មួយដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩១ នៅក្នុងសម័យប្រជុំសភា នាសប្ដាហ៍នេះ ជាផ្នែកមួយនៃការជំរុញជាផ្លូវការរបស់លោក គីម ក្នុងការចាត់ទុកកូរ៉េខាងត្បូងជាសត្រូវ។ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមិនបានធ្វើសេចក្ដីរាយការណ៍ ពីការសម្រេចចិត្តផ្លូវការណាមួយ នៅសម័យប្រជុំសភាដែលត្រូវបានបញ្ចប់កាលពីថ្ងៃអង្គារម្សិលមិញនោះទេ។
លោក Hong Min ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន Korea Institute for National Unification បាននិយាយថាកូរ៉េខាងជើង ប្រហែលជាកំពុងរង់ចាំអ៊ុតមើល លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខសិន មុននឹងផ្លាស់ប្ដូរគោលជំហរប្រឆាំងកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក៕