(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា កងកម្លាំងរបស់ខ្លួនបានចូលគ្រប់គ្រងភូមិចំនួន ២ នៅភាគខាងកើតអ៊ុយក្រែន ហើយវាជាជោគជ័យថ្មីមួយទៀតក្នុងជំហានឆ្ពោះ ទៅមុខក្នុងតំបន់ Donbas។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ពុធ ទី៩ ខែតុលា ឆ្នាំ ២០២៤។
តាមរបាយការណ៍របស់ក្រសួង រុស្ស៉ីកំពុងគ្រប់គ្រងភូមិ Zolota Nyva និងភូមិ Zoryane Pershe ដែលមានប្រជាជនរស់នៅប្រហែល ១០០នាក់។ ភូមិនេះស្ថិតនៅក្នុងទីក្រុង Kurakhove ដែលជាចំណុចស្នូលមួយនៃសមរភូមិជួរមុខ ភាគខាងកើតអ៊ុយក្រែន។ ដោយឡែក គណនីបណ្តាញសង្គមផ្លូវការនានារបស់អ៊ុយក្រែន មិនបាននិយាយពីការបាត់បង់ភូមិណាមួយទេ ប៉ុន្តែមេបញ្ជាការអ៊ុយក្រែន ទទួលស្គាល់ថា ទីក្រុង Kurakhove ពិតជាកន្លែងដែលមានការប្រយុទ្ធគ្នាខ្លាំងក្លាបំផុតមួយ នៃសមរភូមិភាគខាងកើត។
គួរបញ្ជាក់ថា ភូមិទាំងពីរនេះ ស្ថិតនៅភាគខាងត្បូង នៃទិសដៅវាយលុកដ៏សំខាន់របស់រុស្ស៉ី ដើម្បីឆ្ពោះទៅកាន់ទីក្រុង Pokrovsk ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនសម្រាប់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ Donbas៕