(កៀវ)៖ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា អ៊ុយក្រែន ចាំបាច់ក្នុងការដាក់ពង្រាយមីស៉ីលទំនើបបន្ថែមទៀត និងដើម្បីសម្រេចលទ្ធផលបានកាន់តែលឿន នៅលើសមរភូមិជាមួយរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ ២០២៤។
ក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី និយាយថា កិច្ចប្រជុំជាមួយមេបញ្ជាការកំពូលៗ បានលើកឡើងនូវចំណុចមួយចំនួន ជុំវិញការយកអាវុធក្នុងស្រុកមកផ្គត់ផ្គង់ ក្នុងសង្គ្រាមជិត ៣ឆ្នាំជាមួយរុស្ស៉ី រាប់ចាប់តាំងយន្តហោះដ្រូន ដល់បញ្ហាសង្គ្រាមអេឡិចត្រូនិច ហើយសំខាន់ជាងនេះទៅទៀត គឺការដាក់ពង្រាយមីស៉ីល ដែលអាចជួយឱ្យអ៊ុយក្រែន ទទួលបានលទ្ធផលឆាប់រហ័ស ក្នុងសមរភូមិ។
លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «នៅក្នុងកម្មវិធីមីស៉ីលជាតិ របស់យើង ត្រូវមានគ្រប់ធាតុផ្សំ។ រាល់មីស៉ីលរបស់អ៊ុយក្រែន នឹងផ្តល់លទ្ធផលថែមទៀត ទាំងនៅសមរភូមិជួរមុខ និងនៅលើទឹកដីរុស្ស៉ី។ យើងត្រូវការសម្រេចលទ្ធផល ឱ្យបានលឿនជាងមុន ហើយកិច្ចការពាក់ព័ន្ធទាំងអស់ កំពុងត្រូវបានអនុវត្ត»។
គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៉ី បើកការឈ្លានពាននៅខែកុម្ភៈ ឆ្នាំ ២០២២ អ៊ុយក្រែន បានស្នើសុំដៃគូលោកខាងលិចរបស់ខ្លួន ជាពិសេសគឺសហរដ្ឋអាមេរិក ឱ្យផ្គត់ផ្គង់នូវមីស៉ីលរយៈចម្ងាយឆ្ងាយដ៏ទំនើបៗ។ អ៊ុយក្រែន ក៏កំពុងផ្តោតលើការអភិវឌ្ឍឧស្សាហកម្មអាវុធ ក្នុងស្រុកផងដែរ ដោយភាគច្រើនគឺទៅលើយន្តហោះដ្រូន។ កាលពីឆ្នាំមុន លោក ហ្សេលេនស្គី អំពាវនាវឱ្យផលិតយន្តហោះដ្រូន ឱ្យបាន ១លានគ្រឿងសម្រាប់ឆ្នាំ ២០២៤ ខណៈក្រុមមន្ត្រីអ៊ុយក្រែន សង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍមីស៉ីល៕