(ព្យុងយ៉ាង)៖ យោធាកូរ៉េខាងជើង នឹងកាត់ផ្តាច់ទាំងស្រុងនូវផ្លូវថ្នល់ និងផ្លូវរថភ្លើងនានា ដែលតភ្ជាប់ទៅកាន់កូរ៉េខាងត្បូង ចាប់ផ្តើមពីថ្ងៃពុធនេះ ហើយនឹងពង្រឹងការការពារបន្ថែមទៀត នៅតាមតំបន់ព្រំប្រទល់របស់ខ្លួន ជាមួយកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤។
សេចក្តីប្រកាសខាងលើ គឺជាសញ្ញាថ្មីមួយទៀត នៃការកើនឡើងសកម្មភាព នៅកៀកខ្សែបន្ទាត់ព្រំដែន ដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរ។ ទើបតែក្នុងឆ្នាំនេះប៉ុណ្ណោះ ដែលគេសង្កេតឃើញថា ចាប់ផ្តើមមានការធ្វើសកម្មភាពកើនឡើង នៅក្បែរព្រំប្រទល់អន្តរកូរ៉េ។ បើតាមការអះអាងរបស់យោធាកូរ៉េខាងត្បូង កាលពីខែកក្កដា កូរ៉េខាងជើង បានប្រឹងប្រែងដំឡើងគ្រាប់មីន និងរនាំងការពារ អស់រយៈពេលជាច្រើនខែមកហើយ ក្នុងឆ្នាំនេះ នៅតាមបណ្តោយព្រំប្រទល់របស់ខ្លួន។
គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍ របស់យោធាកូរ៉េខាងជើង ដែលចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន KCNA វាគឺជាចំណាត់ការឆ្លើយតបចំពោះ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ នៅប្រទេសកូរ៉េខាងត្បូង ដែលត្រូវទីក្រុងព្យុងយ៉ាង ចាត់ទុកជាសត្រូវចម្បងរបស់ខ្លួន ព្រមទាំងការបំពេញទស្សនកិច្ចជាញឹកញាប់ នៃសព្វាវុធយុទ្ធសាស្រ្តរបស់អាមេរិក ដូចជាយន្តហោះទម្លាក់គ្រាប់បែក នាវាផ្ទុកយន្តហោះចម្បាំង និងនាវាមុជទឹក ជាដើម មកកាន់ឧបទ្វីបកូរ៉េ៕