(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានឯកភាពគ្នា ថានឹងរក្សាការទាក់ទងគ្នាឱ្យបានជិតស្និទ្ធ ខណៈអ៉ីស្រាអែលកំពុងត្រៀមលក្ខណៈសងសឹកអ៉ីរ៉ង់ សម្រាប់ការបាញ់ស្រោចមីស៊ីលលើអ៉ីស្រាអែល កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការឯកភាពគ្នាខាងលើធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយរវាងលោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃពុធ ទី៩ ខែតុលា ដែលជាកិច្ចសន្ទនាតាមទូរស័ព្ទ លើកដំបូងបំផុតក្នុងរយៈពេលជិត ២ខែមកនេះ និងធ្វើឡើងចំពេលសហរដ្ឋអាមេរិកព្យាយាមដាក់សម្ពាធលើអ៉ីស្រាអែលកុំឱ្យវាយប្រហារលើមូលដ្ឋានប្រេង ឬទីតាំងនុយក្លេអ៊ែរ របស់អ៉ីរ៉ង់ ខណៈសល់មិនដល់៤សប្ដាហ៍ទៀតទេ ការបោះឆ្នោតប្រធានាធិបតីអាមេរិកនឹងចូលមកដល់។
សេចក្ដីថ្លែងការណ៍មួយរបស់សេតវិមាន មិនបានលើកឡើងដោយផ្ទាល់ពីលទ្ធភាពនៃការសងសឹកអ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់នោះទេ ប៉ុន្តែបានបញ្ជាក់ថាលោក បៃដិន បានថ្កោលទោសការវាយប្រហាររបស់តេហេរ៉ង់ និងសន្យាផ្ដល់ការគាំទ្រឥតងាករេដល់អ៉ីស្រាអែល។ តាមសេចក្ដីថ្លែងការណ៍នេះដដែល នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ ក៏បានឯកភាពគ្នាផងដែរនឹងបន្តរក្សាការទាក់ទងគ្នាឱ្យបានជិតស្និទ្ធ នៅប៉ុន្មានថ្ងៃខាងមុខនេះទាំងដោយផ្ទាល់ និងតាមរយៈ ក្រុមការងារធ្វើការពាក់ព័ន្ធនឹងសន្តិសុខជាតិ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant កាលពីថ្ងៃពុធម្សិលមិញ បានគំរាមថាការសងសឹករបស់អ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់ នឹងធ្វើឡើងយ៉ាង ចាស់ដៃ ជាក់លាក់ ហើយនឹងបង្កការភ្ញាក់ផ្អើល៕